ក្រុមមន្រ្តីឧទ្យានុរក្សប្រទះឃើញសត្វខ្ទីង២ក្បាលនៅស្រុកជ័យសែន ខេត្តព្រះវិហារ
(ភ្នំពេញ)៖ក្រុមមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការដំណាក់ហ្លួង ដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ នៅចំណុច ជិតភ្នំក្រៀល ភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ បានជួបសត្វខ្ទីង ២ក្បាល មេ និងកូន ដែលមានអាយុប្រមាណ១ឆ្នាំ។នេះបើតាមការឱ្យដឹងពីសំណាក់ក្រសួងបរិស្ថាននៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ ២០២៥នេះ។

គួរបញ្ជាក់ថាសត្វខ្ទីង ត្រូវបានចាត់ទុកជាប្រភេទសត្វព្រៃកម្ររបស់ពិភពលោកដែលបានចុះក្នុងបញ្ជីក្រហម IUCN ក្នុងកម្រិត VU មានន័យថាជាសត្វងាយរងគ្រោះថ្នាក់ជាសាកល។ បច្ចុប្បន្នសត្វខ្ទីង ទូទាំងពិភពលោកមានចំនួនប្រមាណជាង ២១ ០០០ក្បាល ដែលភាគច្រើនរស់នៅក្នុងប្រទេសនាតំបន់អាស៊ីខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ។

យ៉ាងណាក្តីគេនៅមិនទាន់មានទិន្នន័យច្បាស់លាស់ថា នៅ កម្ពុជា នៅសល់សត្វខ្ទីងចំនួនប៉ុន្មាននៅឡើយនោះទេ។ ប៉ុន្តែយោងតាម ទិន្នន័យទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ និងពីមន្ត្រីឧទ្យានុរក្សដែលបានចុះល្បាតនៅតាមតំបន់ការពារធម្មជាតិនានាបានឱ្យដឹងថា សត្វខ្ទីងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិផ្សេងៗ៕
ដោយ ៖ ម៉ាដេប៉ូ
