ក្រសួងវប្បធម៌ឱ្យសមត្ថកិច្ចចាត់វិធានការទំព័រហ្វេសប៊ុក ឈ្មោះ ALL from me ដោយចាត់ទុកថាបានបង្ហោះបទចម្រៀងបង្កការប៉ះពាល់ខ្លាំងដល់វប្បធម៌បប្រពៃណី
(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ៖ បន្ទាប់ពីក្រសួងបានពិនិត្យឃើញ ទំព័រហ្វេសប៊ុកមួយ មានឈ្មោះ ALL from me បានធ្វើការបង្ហោះផ្សព្វផ្សាយបទចម្រៀងក្រោមចំណងជើងថា “ក្តឹងរួយ” មានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ ប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។ បើទោះបីជាបទចម្រៀងដែលផលិតដោយបច្ចេកវិជ្ជាបញ្ញាសប្បនិម្មិត (AI) នេះ ត្រូវបានលុបចេញពីទំព័រហ្វេសប៊ុកមួយ ឈ្មោះ ALL from me ក្តី តែបុគ្គលដែលជាអុ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក ALL from me ត្រូវធ្វើការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
ជាមួយការចេញសេចក្តីជូនដំនឹងនេះក្រសួងវប្បធម៌ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យចាត់វិធានការស្វែងរកអត្តសញ្ញាណបុគ្គលរូបនេះ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពនេះ និងស្នើសុំដល់សាធារណជនដែលប្រើប្រាស់បណ្តាញសង្គម សូមកុំបន្តចែកចាយ និងផ្សព្វផ្សាយបទចម្រៀងនេះ៕
ដោយ៖ម៉ាដេប៉ូ