លោក Trump ថា មិនធានាសន្តិសុខអ៊ុយក្រែន ក្រោយបានរ៉ែកម្រ៥០០ពាន់លានដុល្លារ

បរទេស៖ លោក Donald Trump បានអះអាងថា សហរដ្ឋអាមេរិកគ្មានការធានាសន្តិសុខ ឬ ធានាជួយអ៊ុយក្រែនឲ្យក្លាយជាសមាជិកសម្ពន្ធយោធា «ណាតូ» នោះឡើយ បើទោះបីជា លោក Zelensky គ្រោងទៅចុះហត្ថលេខា ផ្តល់រ៉ែកម្រ តម្លៃ៥០០ពាន់លានដុល្លារ ឲ្យទៅសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ស្អែកនេះ ក៏ដោយ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA លោក Trump បានប្រាប់អ្នកសារព័ត៌មាន អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃពុធថា លោកនឹងមិនផ្តល់ការធានាសន្តិសុខច្រើន តាមការចង់បាន របស់លោក Zelensky នោះទេ ដោយលោកបានរុញច្រានឲ្យអឺរ៉ុប គួរជាអ្នកធានាសន្តិសុខដល់អ៊ុយក្រែនវិញ ព្រោះ អឺរ៉ុប នៅកៀកជាប់នឹងអ៊ុយក្រែន។

ជុំវិញ រឿងធានាសមាជិកភាពណាតូ របស់អ៊ុយក្រែនវិញ លោក Trump បានបញ្ជាក់ម្តងទៀតថា ព្រោះតែរឿងចង់ក្លាយជាសមាជិកសម្ព័ន្ធយោធាអន្តរជាតិនេះហើយ ទើបបានរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន ដូច្នេះ លោកសូមឲ្យបំភ្លេចចោលអំពីការចូលជាសមាជិកណាតូ។ មិនធានាអ្វីទាំងអស់ តែ លោកបានបញ្ជាក់ ប្រាប់គណៈរដ្ឋមន្ត្រីថា កិច្ចព្រមព្រៀងរ៉ែកម្រ ជាមួយអ៊ុយក្រែន គឺជារឿងដ៏អស្ចារ្យ ព្រោះជាធនធានដ៏មានតម្លៃ សម្រាប់វិស័យអាកាសចរណ៍ និងយានអវកាស ព្រមទាំង បច្ចេកវិទ្យាផ្សេងៗទៀត។

គួរបញ្ជាក់ថា ទាំងលោក Donald Trump និង លោក Zelensky សុទ្ធតែបញ្ជាក់ផ្លូវការថា នឹងមានដំណើរទស្សនកិច្ចរបស់មេដឹកនាំអ៊ុយក្រែនរូបនេះ ទៅកាន់សេតវិមាន ជជែកពីការប្រគល់រ៉ែកម្រ តម្លៃ ៥០០ពាន់លានដុល្លារអាមេរិក ទូទាត់សងនឹងជំនួយអាមេរិក ក្នុងសង្គ្រាមអូសបន្លាយ ជាង៣ឆ្នាំមកនេះ។ ប៉ុន្តែ កាលពីថ្ងៃពុធ លោក Zelensky បានស្នើដល់សហរដ្ឋអាមេរិក ធានាសន្តិសុខ និងសន្តិភាព មុនពេលលោកឈានជើងចាកចេញ ទៅទីក្រុងវ៉ាស៊ីងតោន ក្នុងថ្ងៃសុក្រ ស្អែកនេះ ត្រូវនឹងថ្ងៃសៅរ៍ ម៉ោងនៅកម្ពុជា៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner