សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រារព្ធសន្និបាត

បន្ទាយមានជ័យ៖សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយ​មាន​ជ័យអាណត្តិទី៦ បានប្រារព្ធនៅសាលប្រជុំ សាលា​​ខេត្តបន្ទាយមាន​ជ័យ​កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព​លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុំ រាត្រី ប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ​ព្រម​ទាំងថ្នាក់ដឹកនាំនិង មន្ត្រីថ្នាក់កណ្តាល ក្រុមប្រឹក្សាខេត្ត គណៈអភិបាល​ខេត្ត គណៈកិត្តិយសសាខា សមាជិកសមាជិកា​​គណៈកម្មាធិការសាខា មន្រ្តីមកពីមន្ទីរ អង្គភាពជុំវិញខេត្ត នកពីអនុសាខាកក្រកក្រុង ស្រុក​ទាំង៩ អ្នកស្ម័គ្រចិត្ត យុវជនស្ម័គ្រចិត្តកាបាទក្រហម មន្ត្រីក្រុម​ប្រតិបត្តិសាខា ប្រមាណ៣៨៦នាក់។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងពី​អាណត្តិទី៥​កន្លងទៅ ទោះបីមានផ្ទុះរាតត្បាត​ជា​សកល​នៃជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ ការកើនកំដៅផែន​ដីជាដើម ធ្វើឱ្យប៉ះពាល់ដល់​សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងធ្វើឱ្យ​ស្ថានភាពចំណូល និងចំណាយមានការប្រែប្រួល​ពីមួយឆ្នាំទៅមួយឆ្នាំ​យ៉ាងណា​ក៏ដោយ ក៏សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយ មានជ័យ​នៅតែអាចមានលទ្ធភាពខិតខំប្រឹង​ប្រែងចូលរួមចំណែក​ជាមួយរាជរដ្ឋាភិ​បាល​ក្នុងប្រតិបត្តិការទប់ស្កាត់កាត់បន្ថយ និងឆ្លើយតបចំពោះហានិភ័យ​នៃគ្រោះមហន្តរាយៗ បានជាបណ្តើរផងដែរ។

ឯកឧត្តមបន្តថា ជាទិសដៅសម្រាប់អាណត្តិទី៦ ២០២៥ -២០៣០ គឺយកចិត្តទុកដាក់បន្ថែមទៀតដោយ បង្កើនការ​ចូលរូមពីយុវជនស្ម័គ្រចិត្ត កាកបាទក្រហមលើការងារ មនុស្សធម៌ឆ្ពោះទៅសម្រេចបាន​ទិសដៅ​យុទ្ធសាស្ត្រ របស់​សាខាកាក​បាទក្រហមកម្ពុជា, បន្តពង្រឹងរចនាសម្ព័ន្ធ​គ្រប់គ្រង និងអភិវឌ្ឍចំណេះដឹង សមត្ថភាព ជំនាញរបស់មន្ត្រី បុគ្គលិក អ្នកស្ម័ត្រ ចិត្ត និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ។លើកកម្ពស់​ការចូលរួម និងការទទួលខុសត្រូវ​របស់សហគមន៍។ ជាមួយគ្នានេះ ពង្រឹងសកម្មភាពកៀរគររកមូលនិធិសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បច្ចុប្បន្នខេត្តមានយុវជនស្ម័គ្រ​ចិត្តកាកបាទក្រហមខេត្ត​បន្ទាយមានជ័យសរុបរួមមាន១ ៥៤៤នាក់ (នារីឬស្ត្រី១០៦២នាក់ )កំពុងធ្វើការងារមនុស្សធម៌​យ៉ាង​សកម្មឆ្លើយតបនឹងទិសដៅសាខាកាក​បាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យអាណត្តិទី៦នេះ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាក បាទក្រហមកម្ពុជា បាន​គាំទ្រចំពោះសកម្មភាពកាងារកាកបាទក្រហម​របស់​គណៈកម្មការសាខា អនុសាខាពិសេស ការបង្កើនចងក្រងបណ្ដាញអ្នកស្ម័គ្រចិត្រ ​ពិសេស​យុវជនដែលចូល​រួមធ្វើការងារ​មនុស្សធម៌របស់សាខាកាកបាទក្រហម​កម្ពុជា ខេត្តបន្ទាយមានជ័យ ដ្បិតយុវជនជាអ្នកបន្តវេនលើការងារ​កាកបាទក្រហម ។លោកជំទាវបន្តថា សូនមយុវជនត្រូវបន្តខិតខំ​ផ្សព្វផ្សាយអប់រំបានទូលំទូលាយទៅដល់សហគមន៍មូលដ្ឋានឱ្យ​កាន់តែ​យល់​ច្បាស់​ពីអនាម័យ បរិស្ថាន និងការថែទាំសុខមាលភាព រួមទាំង​ចៀស​ឱ្យ​ឆ្ងាយពីគ្រឿងញៀន។​ទាំងនេះកាត់បន្ថយ​បន្ទុករបស់កាក​បាទក្រហមក៏ដូចជាការចំណាយថវិការជាតិផងដែរ ៕
ដោយ ៖គៀន ច័ន្ទហ៊ីន

ads banner