អ្នកស្រុកសំឡូតទទួលបានផ្លូវកៅស៊ូមួយខ្សែទៀត បន្តភ្ជាប់ពី​គម្រោង​ចាស់

បាត់ដំបង៖ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងសប្ដាហ៍នេះ​បាន​បើកការដ្ឋានសាងសង់​ផ្លូវ​ក្រាល​កៅស៊ូ ប្រភេទឌីប៊ី​អេសធី(DBST)មួយខ្សែប្រវែង៤គីឡូ​ម៉ែត្រ ដែលជាជំហាន​បន្តភ្ជាប់​ជាមួយ​​គម្រោងចាស់​ឆ្នាំ២០២៤ ស្ថិតនៅភូមិអូររាំងខេន ឃុំស៊ុង ឆ្ពោះទៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។ការដ្ឋាននេះអនុវត្ត​​ដោយ​កងកម្លាំងវិស្វកម្មនាយកដ្ឋានស្ថាបនានិង​វិស្វកម្ម នៃអគ្គនាយកដ្ឋាភស្តុភារ និង ហិរញ្ញវត្ថុក្រសួងមហាផ្ទៃ។

ជាការកត់សម្គាល់ក្នុងសប្តាហ៍ទី៤នៃខែកុម្ភៈនេះ ក្រសួងអភិវឌ្ឍន៍​ជនបទ​មមាញឹក​ក្នុងការបើកការ​ដ្ឋានសាងសង់ផ្លូវ​ក្រាលកៅស៊ូDBST ,ផ្លូវបេតុងនិងផ្លូវល្បាយថ្មភ្នំចំនួន៣ខ្សែ តាមនៅឃុំមួយចំនួនស្ថិត​ក្នុងរដ្ឋបាលនៃស្រុកសំឡូត ដែលមាន​ប្រវែងសរុបជាង១០គីឡូម៉ែត្រ ក្នុងនោះជាប្រភេទផ្លូវកៅស៊ូចំនួន៨ គីឡូ​ម៉ែត្រ ,ផ្លូវបេតុង៣០០ម៉ែត្រ​និងកែលម្អស្តារឡើង​វិញផ្លូវល្បាយថ្មភ្នំ ប្រវែង ៤គីឡូម៉ែត្រ ព្រមទាំង​សំណង៎​សិល្បការមួយចំនួនទៀត ។

ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាង​ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទក្នុង​ពិធី​បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូខាងលើបានបញ្ជាក់ថា ផ្លូវក្រាលកៅស៊ូដែលនឹងស្ថាបនាពីពេលនេះទៅ ជា​ជំហាន​បន្តភ្ជាប់​ជាមួយគម្រោងចាស់ឆ្នាំ២០២៤កន្លងទៅស្ថិតនៅភូមិអូររាំងខេន ឃុំស៊ុង ឆ្ពោះទៅភូមិអន្លង់ពួក ឃុំ​តាសាញ ស្រុកសំឡូត ។ឯកឧត្តមបន្តថា នេះជាការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពី​រជាន់(DBST)​ប្រវែង៤​គីឡូ​ម៉ែត្រ​,ទទឹង ៦ម៉ែត្រ។រៀបចំចិញ្ចើមផ្លូវក្រាលដីល្បាយ​ក្រួសសងខាងម្ខាងៗ០,៥ម៉ែត្រ។

សូមជម្រាបថា ប្រជាពលរដ្ឋរស់នៅភូមិអូររាំងខេន ឃុំស៊ុង មាន​ចំនួន៥៥៩គ្រួសារ ស្មើមនុស្សរាយចំនួន ២ ០២០នាក់ ។មាន​មុខរបរសំខាន់ដំណាំចម្ការដូចជា ដំណាំកៅស៊ូ ទុរេន ម្រេច ស្វាយកែវរមៀត ដំឡូងមី ស្វាយចន្ទី និងដំណាំរួមផ្សំ
។ល។

ឯកឧត្តមរដ្ឋលេខាធិការបានពណ៌នាថា ការលើកកម្ពស់កម្រិតគុណភាព​ផ្លូវជនបទនៅទីនេះពិតជាផ្តល់សារប្រយោជន៍​​សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅភូមិ ឃុំនេះនិងភូមិឃុំក្បែរខាង និងសេដ្ឋកិច្ចជាតិ​ ដោយសារផ្លូវនេះចូលរួម​កម្ពស់ជីវភាព​ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការផ្លាស់ប្តូរសេដ្ឋកិច្ចតាមច្រកទ្វារតំបន់៤០០ ព្រំដែនកម្ពុជា-ថៃ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner