លោក Trump បង្ហោះវីដេអូ AI ប្រែហ្គាហ្សាចេញពីសង្គ្រាមទៅជាតំបន់រមណីយដ្ឋានដ៏ប្រណិត

វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះវីដេអូប្រើបច្ចេកវិទ្យា AI នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធ បង្ហាញពីការកែប្រែតំបន់ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយសារសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ទៅជាតំបន់រមណីយដ្ឋានដ៏ប្រណិតមួយនាពេលអនាគត។

វីដេអូ AI ដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ CNN នេះ បានបង្ហាញពីចក្ខុវិស័យអំពីអនាគតដ៏មានសក្តានុពលរបស់តំបន់ហ្គាហ្សា ដែលកែប្រែជាតំបន់រមណីយដ្ឋានដ៏ប្រណិតគ្រប់គ្រងដោយសហរដ្ឋអាមេរិក បន្ទាប់ពីការបណ្តេញជនជាតិប៉ាឡេស្ទីនជាង ២.១លាននាក់។

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Economic Times ប្លង់ដំបូងនៃវីដេអូ AI នោះ ចាប់ផ្តើមជាមួយកុមារប៉ាឡេស្ទីនដើរកាត់គំនរបាក់បែកនៅតំបន់ហ្គាហ្សា មុនពេលផ្លាស់ប្តូរទៅកាន់ផ្ទៃមេឃនាពេលអនាគតនៅតាមឆ្នេរសមុទ្រ។ ប្លង់បន្ទាប់បង្ហាញពីពិធីជប់លៀង ការរាំលេងសប្បាយ និងលុយដុល្លារ នៅតាមតំបន់ឆ្នេរសមុទ្រ ហើយក៏មានរូបសំណាកពណ៌មាសរបស់លោក ត្រាំ។

រីឯអត្ថន័យចម្រៀងច្រៀងថា គ្មានផ្លូវរូងក្រោមដី។ គ្មានការភ័យខ្លាចទៀតទេ។ “Trump Gaza” ទីបំផុតនៅទីនេះ។ ហើយប្លង់ចុងក្រោយ បង្ហាញពីលោក Musk ដើរក្រោមលុយដុល្លារ ហើយលោក ត្រាំ និងមេដឹកនាំអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ ដេកអាំងថ្ងៃផឹកស្រានៅឆ្នេរសមុទ្រ។

វីដេអូ AI នេះត្រូវបានបញ្ចេញចំពេលមានការពិភាក្សាជាបន្តបន្ទាប់អំពីការចូលរួមរបស់អាមេរិកនៅក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាពមជ្ឈិមបូព៌ា និងផែនការកសាងហ្គាហ្សាឡើងវិញ ខណៈក៏មានការរិះគន់យ៉ាងខ្លាំងផងដែរពីអន្តរជាតិ ជាពិសេសបណ្ដាប្រទេសអារ៉ាប់ដែលមិនយល់ស្រប ចំពោះចំណាត់ការរបស់លោក ត្រាំ នាពេលថ្មីៗនេះដែលចង់ផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីហ្គាហ្សាទៅកាន់ប្រទេសអារ៉ាប់ជិតខាង៕

ប្រភព ៖ BBC និង Economic Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner