អង់គ្លេសឲ្យអាមេរិកត្រូវធានាសន្តិសុខដល់អ៊ុយក្រែន ទើបអាចកម្លាលោក Putin
ឡុងដ៍ ៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានអំពាវនាវសាជាថ្មីឱ្យមានការធានាសន្តិសុខរបស់អាមេរិកនៅអ៊ុយក្រែន ដើម្បីរារាំងមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពីការឈ្លានពានម្តងទៀតនាពេលអនាគត ខណៈរូបលោកត្រៀមជួបលោក ដូណាល់ ត្រាំ។
ថ្លែងនៅលើយន្តហោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Starmer បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំកំពុងពិចារណាពីរបៀបដែលយើងពង្រឹងសន្តិភាពនៅអឺរ៉ុប និងរបៀបដែលយើងទទួលបានសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។
ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងត្រូវការសន្តិភាពយូរអង្វែង មិនមែនជាបទឈប់បាញ់នោះទេ ហើយដើម្បីឱ្យវាកើតឡើង យើងត្រូវការការធានាសន្តិសុខ ហើយខ្ញុំច្បាស់ណាស់ថា យើងនឹងត្រូវការការធានាសន្តិសុខរបស់អាមេរិក។
លោក Starmer បានសង្កត់ធ្ងន់ទៀតថា ក្តីបារម្ភរបស់លោក គឺប្រសិនបើមានបទឈប់បាញ់ តែគ្មានការធានាសន្តិសុខ វានឹងផ្តល់ឱកាសឱ្យលោក ពូទីន ធ្វើការឈ្លានពានសាជាថ្មីទៀត ពីព្រោះមហិច្ឆតារបស់គាត់ចង់លេបយកអ៊ុយក្រែន គឺជាការពិតមិនអាចប្រកែកបាន ដែលយើងទាំងអស់បានឃើញផ្ទាល់ភ្នែក។
ការអត្ថាធិប្បាយរបស់លោក Starmer កើតឡើងបន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ ទើបបានប្រកាសបង្កើនការចំណាយប្រចាំឆ្នាំ លើវិស័យយោធាឱ្យដល់២.៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៧ និងដាក់គោលដៅដំឡើងឱ្យដល់ ៣ភាគរយនៅឆ្នាំ២០២៩។
ការប្រកាសនេះគឺជាសញ្ញាយ៉ាងច្បាស់មួយ ចង់បង្ហាញទៅកាន់លោក ត្រាំ មុនពេលជួបគ្នានៅសេតវិមាន ដើម្បីបង្ហាញថា អង់គ្លេសនឹងព្យាយាមដឹកនាំប្រទេសអឺរ៉ុបដទៃទៀត ផ្តល់ការគាំទ្របន្ថែមដល់បក្សសម្ព័ន្ធយោធា NATO ដែលដឹកនាំដោយអាមេរិក បន្ទាប់ពីលោក ដូណាល់ ត្រាំ បានបង្ហាញចេតនាចង់ឱ្យបណ្តាប្រទេសជាសមាជិក ចំណាយរហូតដល់ ៥ភាគរយនៃ GDP របស់ពួកគេទៅលើវិស័យយោធា៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

