ត្រឹមឆ្នាំ២០២៤ កម្ពុជាទទួលការចុះបញ្ជីសហគ្រាស គ្រឹះស្ថានសរុបចំនួន ៤៤ ៧៩៨សហគ្រាស និងមានកម្មករនិយោជិត ២លាននាក់
(ភ្នំពេញ)៖ គិតមកត្រឹមឆ្នាំ២០២៤ ប្រទេសកម្ពុជាទទួលការចុះបញ្ជីសហគ្រាស គ្រឹះស្ថានសរុបចំនួន ៤៤ ៧៩៨សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួនជាង ១,៨លាននាក់ ។ នេះបើយោងតាមរបាយការណ៍ស្តីពី ការបូកសរុបលទ្ធផលការងារឆ្នាំគិតមកត្រឹមឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងកាលពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងចំនួនសហគ្រាស គ្រឹះស្ថានជាង ៤ម៉ឺន ៤ពាន់នេះ មាន វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១ ៥៦៦សហគ្រាស ស្មើនឹង ៣,៥០% បើធៀបនឹងសហគ្រាស គ្រឹះស្ថានសរុប និងកម្មករនិយោជិតចំនួនជាង ៩២ម៉ឺននាក់ ស្មើនឹងជាង ៥០% បើធៀបនឹងកម្មករនិយោជិតសរុប។ ចំណែកឯសហគ្រាស គ្រឹះស្ថានវិស័យក្រៅពីកាត់ដេរចំនួនជាង ៤ម៉ឺន ៣ពាន់សហគ្រាស ស្មើនឹងជាង ៩៦% បើធៀបនឹងសហគ្រាស គ្រឹះស្ថានសរុប និងកម្មករនិយោជិតចំនួនជាង ៨៩ម៉ឺននាក់ ស្មើនឹងជិត ៥០% បើធៀបនឹងកម្មករនិយោជិតសរុប។
លោកជំទាវ សុវណ្ណ វណ្ណារតន៍ មានប្រសាសន៍ថា សន្និបាតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ជួបប្រចាំឆ្នាំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងគ្រប់លំដាប់ថ្នាក់,និង ដើម្បីបូកសរុប វាយតម្លៃនូវលទ្ធផលការងារ ដែលក្រសួងសម្រេចបាននារយៈពេល ១ឆ្នាំកន្លងមក និងកំណត់បញ្ហាប្រឈមចម្បងៗ និងផ្តល់ឱកាសទូលំទូលាយ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រធានអង្គភាព ចែករំលែកនូវឧត្តមានុវត្តន៍ជាក់ស្តែង រួមនិងកិច្ចពិភាក្សាផ្លាស់ប្តូរមតិយោបល់ក្នុងការស្វែងរកដំណោះស្រាយសមស្របលើបញ្ហាប្រឈមទាំងឡាយ ដែលអាចនឹងលេចឡើងនាឆ្នាំខាងមុខ និងពេលអនាគត ។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបង្ហាញថា ទោះបីត្រូវជួបនូវបញ្ហាប្រឈមចម្បងៗជាច្រើនទាំងការប្រឈមខាងក្នុងនិងខាងក្រៅ ក្នុងរយៈពេល១ឆ្នាំ កន្លងទៅនេះក្តី ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែង និងសាមគ្គីភាពជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងគ្រប់ជាន់ថ្នាក់ បានធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តសម្រេចបានសមិទ្ធផល និងវឌ្ឍនភាពជាច្រើន។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តឱ្យមានការពិភាក្សាផុសផុលនៅក្នុងសន្និបាតរបស់ក្រសួងនៅពេលនេះ ពីព្រោះមតិយោបល់ និងធាតុចូលសំខាន់ៗដែលក្រសួងនឹងទទួលបានពីការពិភាក្សានៅថ្ងៃនេះនឹងជួយជំរុញការលើកកម្ពស់ការងារក្រសួងឱ្យកាន់តែប្រសើរថែមទៀត សំដៅរួមចំណែកឱ្យបានជាអតិបរមា ដើម្បីឈានដល់ការសម្រេចបាននូវកម្មវិធីនយោបាយ, ក៏ដូចជាការសម្រេចបានដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញល្បឿននាវាកម្ពុជាឈានដល់ការសម្រេចបានចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា












