ការដ្ឋានផ្លូវជាតិលេខ៤៨ ស្រែអំបិល -កោះកុង សម្រេចបាន​ជាង​៨៨ភាគរយ

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ផន រឹម បានឱ្យដឹងថា គម្រោងលើកកម្រិតគុណភាព​ផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារ៨៨,៤៥ភាគរយហើយ។ការដ្ឋានដែល​កំពុងដំណើរការនេះចាប់ពីផ្លូវបំបែកជាតិលេខ៤ត្រង់​ចំណុច​ស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ។

ជាមួយរូបថតមួយសន្លឹកនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងសាធារណការបានរំលឹកថា មានប្រជា​ពល​រដ្ឋខ្មែរតិចណាស់ ដែលមិនដឹងរឿងនេះ។ ពេលធ្វើដំណើរ​ទៅកាន់ខេត្តកោះកុង នេះជាចំណុចដ៏លំបាក និងហានិភ័យ ដែលត្រូវឆ្លងកាត់ជៀសមិនរួច(ទូកចម្លង)។បច្ចុប្បន្ននេះ យើងលែងលំបាកទៀតហើយ យើងមានស្ពានបេតុងដ៏គត់មត់ និងខ្សែផ្លូវដ៏ស្អាត លាតសន្ធឹងពីចំណុចបំបែកផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ គឺផ្លូវជាតិលេខ៤៨ ដែលកំពុងស្តារ និងលើកកម្រិតគុណភាពដ៏មមាញឹកបំផុត។

អ្នកនាំពាក្យដដែលបញ្ជាក់ថា គម្រោងលើកកម្រិតគុណភាព​ផ្លូវជាតិ​លេខ៤៨ នេះ សម្រេចវឌ្ឍនភាពការងារ៨៨,៤៥​ភាគរយ​ហើយ ដែលមានន័យថា ខ្សែផ្លូវនេះអាចធ្វើដំណើរបានដោយរលូន និងប្រកបដោយគុណតម្លៃវិស័យជាតិ។

សូមជម្រាបថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះ​កុងមានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ។ជាផ្លូវត្រូវអ៊ុតAC ដោយ​ត្រូវពង្រីកទំហំផ្លូវ ២ គន្លង ពី១១ម៉ែត្រ ទៅ១៣ម៉ែត្រ , កាត់ចំណោតភ្នំបន្ថែម, កាត់បន្ថយចំណោតផ្លូវបន្ថែម, ពង្រីកពី២គន្លង ទៅ ៤គន្លង នៅ PK84 ជាដើម។ល។គម្រោងសាងសង់ក្រោម​ហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្នុង​តម្លៃ៧៨លានដុល្លារ នឹងគ្រោងបញ្ចប់តាមផែនការ​នៅក្នុងឆ្នាំ២០២៥នេះ៕


ដោយ៖មុនី
រូបភាព៖ក្រសួងសាធារណការ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner