រាជរដ្ឋាភិបាលកម្ពុជា បានរំដោះដីព្រៃពីអ្នកទន្ទ្រានដោយខុសច្បាប់ ជាង៤ម៉ឺនហិកតា

អត្ថបទដោយ៖
ឈុន លីដា

(ភ្នំពេញ)៖ មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានរំដោះដីព្រៃពីអ្នកទន្ទ្រានដីរដ្ឋដោយខុសច្បាប់ បានជាង៤ម៉ឺនហិកតា នៅទូទាំងប្រទេស ស្របតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ និងមានការចូលរួមពីកងយោធពលខេមរភូមិន្ទផង ការបើកប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើសទាំងនេះទទួលបានលទ្ធផលគួរឲ្យសាទរ។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងយ៉ាងដូច្នេះថា «ជាក់ស្តែងចាប់ពីខែមិថុនា ឆ្នាំ២០២៤ ដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥នេះ យើងបានរំដោះដីព្រៃដែលជនខិលខូចទន្ទ្រានយកបានជាង៤ម៉ឺនហិកតា ដោយប្រគល់ជូនក្រសួងពាក់ព័ន្ធ មានក្រសួងកសិកម្ម និងបរិស្ថានជាដើមរក្សាទុកជាដីរដ្ឋ»។

ឯកឧត្តមបានអះអាងថា ប្រតិបត្តិការនេះបានធ្វើឲ្យសកម្មភាពកាប់ទន្ទ្រានដីព្រៃខុសច្បាប់ស្ងប់ស្ងាត់ ហើយបច្ចុប្បន្ន កងយោធពលខេមរភូមិន្ទ បានដើរល្បាតជាប្រចាំ ដើម្បីកុំឲ្យមានបទល្មើសថ្មីកើតឡើង។

ថ្លែងពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងរយៈពេលដូចគ្នានេះ កងកម្លាំងបានបើកប្រតិបត្តិការយ៉ាងសកម្មដោយរឹបអូសបាន រណាយន្ត១៨០គ្រឿង, រថយន្ត៧គ្រឿង, ម៉ូតូ៧៦គ្រឿង ព្រមទាំងសម្ភារៈ ឧបករណ៍បម្រើឲ្យការកាប់ និងដឹកជញ្ជូនឈើជាច្រើនទៀត។

ក្នុងប្រតិបត្តិការនេះ មនុស្សរាប់សិបនាក់ត្រូវបានឃាត់ខ្លួន ហើយជាលទ្ធផលបទល្មើសព្រៃឈើ ក៏បានស្ងប់ស្ងាត់ក្រោមការយាមល្បាតជាប្រចាំពីសំណាក់សមត្ថកិច្ចជំនាញ ដោយមានការចូលរួមពីកងយោធពលខេមភូមិន្ទ។
ការថ្លែងបែបនេះរបស់ ឯកឧត្តម ប៉ែន បូណា ក្នុងឱកាស វេទិកាសារព័ត៌មានលើកទី៦ ស្ដីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» ដែលផ្សព្វផ្សាយនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ៕

អត្ថបទ៖លីដា ,រូបភាព៖លោក វ៉េង លឹមហួត

ឈុន លីដា
ឈុន លីដា
បន្ទាប់ពីឆ្លងកាត់ជាមន្ត្រីបម្រើការងារនៅស្ថាប័នរដ្ឋមួយរយៈ ក៏បានក្លាយ​ជាពិធីការិនីដ៏មានប្រជាប្រិយ បូករួមនឹងការឆ្លងកាត់វគ្គបណ្តុះបណ្តាលសារព័ត៌មានពីអ្នកជំនាញអាជីពទាំងបរទេស-ខ្មែរ បានផ្តល់ឱកាសឱ្យបុគ្គលិកបម្រើការងារឆ្នើមរូបនេះ ក្លាយជាអ្នកគ្រប់គ្រងកម្មវិធីកម្ពុជាមាតុភូមិយើងដ៏ពេញនិយមនាពេលបច្ចុប្បន្ន
ads banner
ads banner
ads banner