គម្រោងជលផល ផលសមុទ្រ និង តំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)ខេត្តកែប កំពុងបង្កើនការគាំទ្រភ្ញាស់ក្តាមសេះ ស្តារព្រៃកោងកាង ក៏ដូចជាគ្រប់គ្រងជលផល
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដឹកនាំដោយឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង និងមន្រ្តីពាក់ព័ន្ធបានចុះពិនិត្យ និងជំរុញការអនុវត្តន៍គម្រោងជលផល ផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) នាខេត្តកែប ។
ក្នុងដំណើរបេសសកម្មដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ បានជួបប្រជុំសំណេះសំណាលជាមួយសហគមន៍នេសាទភូមិថ្មី និងពិនិត្យវឌ្ឍនភាព នៃការអនុវត្តន៍គម្រោង SCMF ដែលរាយការណ៍ដោយនាយកអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត រួមមាន៖ ការសាសង់អាគារការិយាល័យខណ្ឌរដ្ឋបាលជលផលកែប ការដាក់ពង្រាយប្រអប់បេតុងជាជម្រកត្រីសិប្បនិម្មិតការពារស្មៅសមុទ្រ ផ្កាថ្ម និងប្រភេទវារីសត្វងាយរងគ្រោះ (ជ្រូកទឹក ផ្សោតសមុទ្រជាដើម) ការគាំទ្រស្ថានីយ៍ភ្ញាស់ដើម្បីបង្កើនផលស្តុកក្តាមសេះ ការការពារនិងស្តារព្រៃកោងកាង និងពង្រឹងសមត្ថភាពសហគមន៍នេសាទ ក្នុងការចូលរួមគ្រប់គ្រងធនធានជលផល។
ក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តន៍គម្រោង SCMF ក្នុងខេត្តកែប និងការខិតខំប្រឹងប្រែងរបស់សហគមន៍នេសាទភូមិថ្មី ដែលបានចូលរួមយ៉ាងសកម្ម ទទួលបានលទ្ធផលល្អក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផល។
ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែង បង្កើនកិច្ចសហប្រតិបត្តិការរវាងដៃគូពាក់ព័ន្ធ និងពន្លឿនសកម្មភាពអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋលេខាធិការ ក្នុងពិធីនេះបានចូលរួមទម្លាក់ដុំបេតុងចូលទៅសមុទ្រ ដើម្បីដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត។
ជាមួយគ្នានោះឯកឧត្តមបាននាំយក “ម៉ាស៊ីនផលិតទឹកសាប” ដែលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ប្រគល់ជូនក្រុមការងារអង្គការ MCC និងនគរបាលព្រំដែនទឹកនៅលើកោះអាចម៍សេះ ដើម្បីប្រើប្រាស់រួមគ្នា៕




ដោយ ៖ ម៉ាដេប៉ូ