ប្រធានសហព័ន្ធប្រដាល់សកលអាណត្តិថ្មីដាក់ផែនការយុទ្ធសាស្ត្រ ៧ចំណុច

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ក្រោយជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា អាណត្តិ២០២៥-២០២៩ ឯកឧត្តម ប៊ុយ សុភ័ណ្ឌបានប្រកាសនូវសេចក្តីថ្លែងការណ៍ដាក់ចេញទិសដៅការងារ និងគោលដៅយុទ្ធសាស្ត្រ ៧ចំណុចសំខាន់ៗដើម្បីអភិវឌ្ឍន៍ឆ្ពោះទៅរកការប្រជែងដណ្តើមមេដាយដោយគុណភាពនៅលើឆាកអន្តរជាតិ។

១. រៀបចំផែនការយុទ្ធសាស្ត្រ ២០២៥-២០២៩ ដោយកំណត់បេសកកម្ម គោលដៅយុទ្ធសាស្ត្រ និងសូនាករ វាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃ និងធានាប្រភពធនធានសមស្រប ក្រោមចក្ខុវិស័យ “អភិវឌ្ឍកីឡាប្រដាល់សកលឱ្យក្លាយជាប្រភេទកីឡាសក្តានុពល និងមានប្រជាប្រិយភាព នៅកម្ពុជា” ក្នុងទិសដៅដណ្តើមមេដាយក្នុងការប្រកួតកីឡាកម្រិតតំបន់ ទ្វីប និងពិភពលោក ពិសេសឈាន ទៅដណ្តើមមេដាយយ៉ាងតិច ១គ្រឿង ក្នុងការប្រកួតកីឡាយុវជនអាស៊ីហ្គេម “Asian Youth Games” លើកទី៤ ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា។

២. ពង្រឹងយន្តការរដ្ឋបាល និងគ្រប់គ្រង ដើម្បីធានាប្រសិទ្ធភាពការងារដឹកនាំ ស្របតាមគោលការណ៍អភិបាលកិច្ចល្អ របស់សហព័ន្ធអន្តរជាតិ “IF” និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។

៣. ស្វែងរកដៃគូរៀបចំការប្រកួតតាមរាជធានី ខេត្ត និងការបង្កើតការប្រកួតកម្រិតផ្ទាល និងយុវជនផ្ទាល់របស់ សហព័ន្ធ ក៏ដូចជាបន្តឧបត្ថម្ភគាំទ្រដល់ក្លឹបជាសមាជិកក្នុងទិសដៅ “ពង្រឹងគុណភាព និងបរិមាណក្លឹប”។

៤. អភិវឌ្ឍធនធានមនុស្សសហព័ន្ធ តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលកម្រិតថ្នាក់ជាតិ អន្តរជាតិសម្រាប់ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេស ក្នុងទិសដៅអភិវឌ្ឍមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិ ដើម្បីធានានូវការបង្វឹកប្រកបដោយគុណភាព ក៏ដូចជាសុក្រឹតភាព និងយុត្តិធម៌នៃការវិនិច្ឆ័យ។

៥. អភិវឌ្ឍគុណវុឌ្ឍកីឡាកម្រិតខ្ពស់ (High-Performance) ក្នុងក្រុមជម្រើសជាតិ តាមរយៈការពង្រឹងកម្មវិធី ហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ បង្កើនកម្មវិធីបោះជំរុំហ្វឹកហាត់ និងផ្តល់ឱកាសចូលរួមប្រកួតកម្រិតជាតិ អន្តរជាតិជាប្រចាំ ដើម្បីពង្រឹងគុណផលត្រៀមការប្រកួតជើងឯកប្រចាំទ្វីបនិងពិភពលោក ការប្រកួតពហុកីឡា រួមមាន៖ ស៊ីហ្គេម “SEA “SEA Games” អាស៊ីហ្គេម “Asian Games” និងអូឡាំពិកហ្គេម “Olympic Games”។

៦. បង្កើតបណ្ឌិតសភាប្រដាល់សកល “Boxing Academy” និងអភិវឌ្ឍកម្មវិធីជ្រើសរើសអត្តពលិកឆ្នើម (Talent Identification Program) សម្រាប់អភិវឌ្ឍអត្តពលិកផ្ទាល និងយុវជនកម្រិតខ្ពស់ ដើម្បីធ្វើការប្រមូលផ្តុំក្នុង ក្រុមជម្រើសជាតិ ត្រៀមចូលរួមការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៤ ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រ កម្ពុជា។

៧. អភិវឌ្ឍប្រដាល់សកលអាជីព “Professional Boxing” តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា និងបណ្តាសហព័ន្ធប្រដាល់សកលអាជីពពិភពលោកក្នុងការ រៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់សកលអាជីពកម្រិតជាតិ-អន្តរជាតិ និងការបញ្ជូនអត្តពលិកចូលរួមការប្រកួត ប្រដាល់សកលអាជីពនៅក្រៅប្រទេស ដើម្បីពង្រឹងគុណផល និងបង្កើនប្រាក់ចំណូលបន្ថែមដល់អត្តពលិក។

គួរបញ្ជាក់ថា ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ ក្រោយទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិ នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ និងបន្ដអាណត្តិថ្មី នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ បន្ទាប់ពីប្រធានសហព័ន្ធអាណត្តិចាស់លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន បានលាលែងពីតំណែង និងត្រូវបានអង្គមហាសន្និបាត បោះឆ្នោតគាំទ្រលោកជាប្រធានកិត្តិយសសហព័ន្ធអាណត្តិថ្មី ដោយមានសមាសភាពសមាជិកសរុប ១៣រូប ៕

រូបភាព ជីម ភារ៉ា អត្ថបទ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner