អ៊ីស្រាអែលចង់បន្តបទឈប់បាញ់ ដើម្បីដោះដូរចំណាប់ខ្មាំងថែមទៀត
ហ៊្សេរុយសាឡឹម ៖ អ៊ីស្រាអែលបានបញ្ជូនអ្នកចរចាទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដើម្បីស្វែងរកការបន្តបទឈប់បាញ់ដំណាក់កាលទីមួយ ដែលនឹងត្រូវផុតកំណត់ឆាប់ៗនេះ ក្នុងគោលបំណងធានាដល់ការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានប្រាប់អ្នកយកព័ត៌មានថា គណៈប្រតិភូបានធ្វើដំណើរទៅកាន់អេហ្ស៊ីប ដើម្បីពិនិត្យមើលថាតើអាចបន្តបទឈប់បាញ់ដំណាក់កាលដំបូងបានដែរឬទេ។
ប្រមុខការទូតអ៊ីស្រាអែលរូបនេះ បាននិយាយយ៉ាងដូច្នេះថា យើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចរចាបន្តបទឈប់បាញ់ដំណាក់កាលដំបូង ក្នុងគោលបំណងដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។ ប្រសិនបើវាអាចទៅរួច យើងនឹងធ្វើវា។
ដំណាក់កាលដំបូងនៃបទឈប់បាញ់ រួមមានការប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៣៣នាក់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនប្រហែល ២.០០០នាក់ដែលជាប់ឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល។ ការប្រយុទ្ធត្រូវផ្អាកជាបណ្តោះអាសន្ន ហើយហើយទាហានអ៊ីស្រាអែលត្រូវដក ខ្លួន ចេញ ពី ទីតាំង មួយ ចំនួន នៅ តំបន់ហ្គាហ្សា។
យ៉ាងណាមិញ ការចរចាបទឈប់បាញ់ដំណាក់កាលទីពីរ ដែលមានបំណងធានាការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ និងការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុង ដើម្បីបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា នៅមិនទាន់ចាប់ផ្តើមនៅឡើយទេ៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា