លំហាត់សមយុទ្ធនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ប្រកបដោយជោគជ័យ
សៀមរាប៖បន្ទាប់ពីអនុវត្តដោយជោគជ័យប្រកបដោយភាពម្ចាស់ការបាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរបានរៀបចំលំហាត់សមយុទ្ធទ្រង់ទ្រាយធំក្នុងប្រការ មានយន្តហោះធ្លាក់នៅក្នុងអាកាសយានដ្ឋាន ដើម្បីត្រៀមឆ្លើយតបផ្នែកពាក់ព័ន្ធនានាឱ្យបានរហ័ស ប្រសិនមានឧបទ្ទវ ហេតុកើតឡើងជាយថាហេតុ ។
នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយអាជ្ញាធរខេត្តសៀមរាប និងអង្គភាពស្ថាប័នពាក់ព័ន្ធ បានធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំក្រោមប្រធានបទ “យន្តហោះធ្លាក់នៅក្នុងអាកាសយានដ្ឋាន” ដើម្បីធ្វើការហ្វឹកហ្វឺន និងសាកល្បងសមត្ថភាពពីគ្រប់អ្នកពាក់ព័ន្ធក្នុងការឆ្លើយតបទាន់ពេលវេលា រហ័ស និងមានលក្ខណៈត្រឹមត្រូវ ជួយសង្គ្រោះជនរងគ្រោះពេលមានគ្រោះមហន្តរាយ និងឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះដោយប្រការណាមួយ។
លំហាត់សមយុទ្ធនេះមានការចូលរួមពីអាជ្ញាធរខេត្ត ស្រុក តំណាងក្រុមហ៊ុន ក្រុមការងារពាក់ព័ន្ធប្រមាណ ២០០នាក់ ក្នុងនោះមាន ផ្នែករាយការណ៍ឧបទ្ទវហេតុ ក្រុមពន្លត់អគ្គិភ័យ ក្រុមសង្រ្គោះនិងក្រុមគ្រូពេទ្យ ក្រុមកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ជាដើម ។
ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃលំហាត់សមយុទ្ធទ្រង់ទ្រាយធំ និងជាលើកដំបូងនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ (SAI)។ភាពជោគជ័យនៃការធ្វើលំហាត់សមយុទ្ធនេះ ជាតឹកតាងដ៏សំខាន់ និងជាអ្វីដែលក្រុមហ៊ុនអាកាសចរណ៍ធំៗតម្រូវ មុននឹងភ្ជាប់ជើងហោះហើរ។ ក្រុមហ៊ុនទាំងនោះចង់ឱ្យមានការធានាសុវត្ថិភាព សន្តិសុខ ប្រសិនបើមានគ្រោះអាសន្នកើតឡើងជាយថាហេតុ និងការឆ្លើយតបជួយសង្រ្គោះភ្លាមៗពីខាងព្រលានយន្តហោះ។
ចំណុចឆ្លើយតបដែលមានភាពខ្វះខាតនៅឡើយ ដូចជាចម្ងាយផ្លូវឆ្ងាយពីមន្ទីរពេទ្យមកកាន់អាកាសយានដ្ឋាន ដោយរថយន្តសង្រ្គោះបន្ទាន់ត្រូវការរយៈពេលជិត១ម៉ោង ទម្រាំមកដល់។ឯកឧត្តមបានបង្ហាញពីគម្រោងរៀបចំទីតាំងសង្រ្គោះបន្ទាន់នៅតាមមណ្ឌលសុខភាពជិតព្រលានយន្តហោះ ក៏ដូចជាគម្រោងវិនិយោគផ្លូវល្បឿនលឿនបន្ថែម ដើម្បីបង្ខិតព្រលានឱ្យកាន់តែជិតទីក្រុងសៀមរាប ។
លោក ប៊ុន រដ្ឋា ប្រធានអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឱ្យដឹងថា លំហាត់សមយុទ្ធនេះធ្វើឡើងស្របតាមគោលការណ៍របស់អង្គការអាកាសចរណ៍អន្តរជាតិ ដែលតម្រូវឱ្យគ្រប់អាកាសយានដ្ឋានអន្តរជាតិ ធ្វើរយៈពេល២ឆ្នាំម្ដង។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ជាព្រលានយន្តហោះកម្រិត 4E ហើយទៅអនាគតនឹងមានយន្តហោះខ្នាតធំៗ ដែលនឹងផ្ទុកអ្នកដំណើររហូតដល់ជាង៣០០ទៅ៥០០នាក់ ។ ដូច្នេះការត្រៀមក្នុងការឆ្លើយតបនៅពេលមានអាសន្ន គឺចាំបាច់ត្រូវធ្វើឲ្យបានល្អប្រសើរនិងធ្វើឲ្យមានភាពជឿជាក់បំផុត ។
សូមជម្រាបថា បច្ចុប្បន្នមានអ្នកដំណើរចូលមកកាន់ខេត្តសៀមរាបតាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ប្រមាណ ៦.០០០នាក់ក្នុងមួយថ្ងៃ។តាមការលើកឡើងរបស់មន្រ្តីអាកាសចរណ៍ស៊ីវិល មានក្រុមហ៊ុនធំៗដែលគ្រោងភ្ជាប់ជើងហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប អង្គររួមមានក្រុមហ៊ុនមកពីប្រទេសតួកគី ,កាតា ,អូស្រ្តាលី ដែលនឹងនាំភ្ញៀវពីតំបន់អឺរ៉ុប និងមជ្ឈឹមបូព៌ា ៕



ដោយ៖ប៊ុន រដ្ឋា