លោក ពូទីន ថា លោកខាងលិចចង់បំផ្លាញទំនាក់ទំនងអាមេរិក និងរុស្ស៊ី
មូស្គូ ៖ មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានប្រឆាំងប្រទេសលោកខាងលិចមួយចំនួន ដែលប៉ុនប៉ងបំផ្លាញទំនាក់ទំនងដ៏មានសក្តានុពលរវាងរុស្ស៊ី និងអាមេរិក។

ថ្លែងទៅកាន់សេវាសន្តិសុខ FSB របស់រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ លោក ពូទីន បានទទួលស្គាល់ថា ទំនាក់ទំនងដំបូងជាមួយរដ្ឋបាលថ្មីអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ជំរុញឱ្យមានក្តីសង្ឃឹមឡើងវិញ។ ផ្ទុយស្រឡះពីរដ្ឋបាលលោក ចូ បៃដិន ដែលអនុវត្ត “គំនិតនៃមនោគមវិជ្ជា” បង្កឱ្យមានវិបត្តិក្នុងទំនាក់ទំនងអន្តរជាតិ។
ប៉ុន្តែមេដឹកនាំរុស្ស៊ីរូបនេះ ក៏បានទទួលស្គាល់ដែរថា មិនមែនគ្រប់ប្រទេសទាំងអស់សុទ្ធតែសប្បាយចិត្តចំពោះការចាប់ផ្តើមទំនាក់ទំនងដ៏កក់ក្តៅរវាងមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតទាំងពីររបស់ពិភពលោកនោះទេ។
បើតាមលោក ពូទីន ឥស្សរជនលោកខាងលិចមួយចំនួននៅតែប្តេជ្ញាចិត្តរក្សាអស្ថិរភាពនៅក្នុងពិភពលោក ជាពិសេសព្យាយាមបំផ្លាញទំនាក់ទំនងរុស្ស៊ី-អាមេរិក។ ប៉ុន្តែលោកនឹងប្រើលទ្ធភាពទាំងអស់ នៅពេលនិយាយអំពីការទូត និងសេវាស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ដើម្បីរំខានដល់ការប៉ុនប៉ងបែបនេះ។
ទោះបីជាយ៉ាងណា លោក ពូទីន មិនបានចង្អុលចំៗលើប្រទេសលោកខាងលិចណាមួយទេ តែបើតាមអ្នកវិភាគនោះ ទំនងជាអឺរ៉ុប និងអង់គ្លេស ដែលមានការ ព្រួយបារម្ភ និងខឹងសម្បារជុំវិញកិច្ចចរចាបញ្ចប់សង្រ្គាមអ៊ុយក្រែន ដែលមិនមានវត្តមានអ៊ុយក្រែន និងអឺរ៉ុបនៅតុចរចា៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
