ថៃគ្រោងចាយ១០០លានដុល្លារ បញ្ចុះថ្លៃស្នាក់នៅ និងអាហារ ៥០% ដល់ភ្ញៀវទេសចរ
បាងកក៖ ដើម្បីជំរុញវិស័យទេសចរណ៍ ថៃគ្រោងនឹងចំណាយ ជាង១០០លានដុល្លារ បង្កើតជាមូលនិធិថ្មី ប្រើប្រាស់ដើម្បីបញ្ចុះតម្លៃស្នាក់នៅ និងអាហារ ៥០% ដល់ភ្ញៀវទេសចរ ដោយគ្រោងនឹងអនុវត្ត ចាប់ពីខែឧសភា ដល់ ខែកញ្ញា ឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The Nation កាលពីថ្ងៃព្រហស្បតិ៍។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Sorawong Thienthong បានអះអាងថា តាមរយៈកម្មវិធី Rao Thiew Duak Kan នេះ នឹងមានការបញ្ចេញប័ណ្ណបញ្ចុះតម្លៃ ចំនួន១លានសន្លឹក។ បន្ទាប់ពីការចុះឈ្មោះដោយជោគជ័យ អ្នកទេសចរនឹងអាចប្រើប្រាស់ប័ណ្ណនេះ ទទួលបានការឧបត្ថម្ភ ពាក់កណ្តាល លើតម្លៃបន្ទប់ និងតម្លៃអាហារ។ ដើម្បីអនុវត្តបាន ក្រសួងទេសចរណ៍ថៃ គ្រោងនឹងស្នើថវិកា ៣.៥ពាន់លានបាត ឬ ជាង១០២ លានដុល្លារ ពីរាជរដ្ឋាភិបាល។
លោក Sorawong បានបន្តថា ក្រសួងទេសចរណ៍ក៏ពិចារណា អាចប្រើវិធីបញ្ចុះតម្លៃបែបនេះ ចំពោះសំបុត្រយន្តហោះ ផងដែរ ប៉ុន្តែ ត្រូវរង់ចាំការសិក្សាលម្អិតបន្ថែមទៀត មុននឹងធ្វើការសម្រេចចិត្តចុងក្រោយ ក្នុងពេលឆាប់ៗនេះ។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា ក្រសួងរបស់លោកអាចនឹងបង្កើតវេទិកាកណ្តាលមួយ សម្រាប់អាជីវកម្មទេសចរណ៍ និងសណ្ឋាគារ ចូលរួមដើម្បីមានសិទ្ធិចូលរួម ក្នុងគម្រោងទេសចរណ៍រួមគ្នានេះ។
បើយោងតាមរបាយការណ៍ផ្លូវការ បង្ហាញថា ថៃទទួលបានទេសចរបរទេស ប្រមាណ ៣៥.៦លាននាក់ កាលពីឆ្នាំ២០២៤ ហើយគ្រោងនឹងទាក់ទាញ ឲ្យកើនដល់ ៤០លាននាក់ នៅឆ្នាំ២០២៥នេះ៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត