ទំនិញល្មើសច្បាប់ និងខូចគុណភាព ១០៧មុខ ត្រូវបានកម្ទេចចោល

កំពត៖ ទំនិញល្មើសច្បាប់ និងខូចគុណភាព ១០៧មុខ ត្រូវបានធ្វើពិធីកម្ទេចចោល នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលមានឡដុតបំពាក់នូវបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន និងសុវត្ថិភាពខ្ពស់ក្នុងការកម្ទេច ដើម្បីធានាថា មិនមានផលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានជុំវិញ ។ ពិធីធ្វើឡើងនៅទីតាំងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ស្ថិតក្នុងភូមិព្រៃតាព្រិច ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ក្រោមវត្តមានឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គទូត ដៃគូអភិវឌ្ឍន៍នានា អ្នកឧកញ៉ា លាង ពៅ នាយកប្រតិបត្តិក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន តំណាងក្រុមហ៊ុននាំចូលបារី ម្ចាស់សិទ្ធិនាំចូលទំនិញ មន្រ្តីគយ និងសាធារណជន ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងថា ការកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព គឺជាការអនុវត្តបន្តនូវលទ្ធផលនៃការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ និងការការពារសង្គម ។ ឯកឧត្តមបណ្ឌិត បានបន្តថា អគ្គនាយកដ្ឋានគយ បានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់នៃក្រសួងបរិស្ថាន ដោយយកសំណាកទំនិញមួយចំនួនមកធ្វើការវិភាគ ដើម្បីកំណត់វិធីសាស្ត្រកម្ទេចបំផ្លាញ ជាពិសេស ទំនិញជាប្រភេទសារធាតុគីមីគ្រោះថ្នាក់ ។ ក្នុងចំណោមទំនិញដែល អគ្គនាយកដ្ឋានគយ ទទួលបានគោលការណ៍ឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការកម្ទេចចោលនាពេលនេះ មានចំនួន ១០៧ មុខ និងមានទម្ងន់ប្រមាណ ៥០៧ តោន ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានបន្ថែមថា សមិទ្ធផលនេះ កើតឡើងដោយការខិតខំប្រឹងប្រែង របស់មន្ត្រីគយ និងរដ្ឋាករ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តការងារយ៉ាងសកម្មក្នុងការបង្ការបង្ក្រាបទំនិញខូចគុណភាព ទំនិញល្មើសកម្មសិទ្ធិបញ្ញាដែលជាការចូលរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ ប្រជាពលរដ្ឋ បរិស្ថាន និង សង្គមជាតិ ។

សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ជាអង្គភាពជំនាញស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានមុខងារស្នូលក្នុងការគ្រប់គ្រងលើទំនិញនាំចេញ-នាំចូល និងការប្រមូលពន្ធ និងអាករចូលថវិកាជាតិ។ បន្ថែមពីលើមុខងារចម្បងនេះ អគ្គនាយកដ្ឋានគយ ក៏មានតួនាទី និងភារកិច្ចសំខាន់ៗមួយចំនួនទៀតដូចជា ៖ ផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម ទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ និងការការពារសង្គម ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គនាយកដ្ឋានគយ បង្ក្រាបបានទំនិញល្មើសច្បាប់ស្តីពីគយ និងច្បាប់ផ្សេងទៀតជាច្រើនមុខ ។ បន្ថែមលើនេះ អគ្គនាយកដ្ឋានគយ ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបទំនិញក្លែងក្លាយ ទំនិញរំលោភកម្មសិទ្ធិបញ្ញា និងរំលោភសិទ្ធិនាំចូលចែកចាយផ្តាច់មុខទំនិញមួយចំនួនផងដែរ ។ ការបំផ្លាញ និងដុតចោលទំនិញល្មើសច្បាប់ ទំនិញខូចគុណភាព និងទំនិញហាមឃាត់នានា ដែលអគ្គនាយកដ្ឋានគយ បង្ក្រាបបាន តែងតែធ្វើឡើងជាបន្តបន្ទាប់ក្នុងទ្រង់ទ្រាយដាច់ដោយឡែកពីគ្នា ដូចជា៖ ការកិនបំផ្លាញកាប៊ីនរថយន្ត ការដុតបំផ្លាញសាច់ និងគ្រឿងក្នុងសត្វខូចគុណភាព បំណែកសាច់ហាមឃាត់ និងការចូលរួមដុតបំផ្លាញគ្រឿងញៀនជាដើម ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner