ឯកឧត្តម វង សូត ៖ សមាជិក សមាជិការដ្ឋសភាមានតួនាទីចុះមូលដ្ឋានទៅតាមមណ្ឌលរបស់ខ្លួនដើម្បីស្វែងយល់សុខទុក្ខរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត
(ត្បូងឃ្មុំ)៖ តួនាទីភារកិច្ចរបស់រដ្ឋសភា ដោយក្នុងនោះរដ្ឋសភាមានតួនាទីធ្វើច្បាប់ អនុម័តច្បាប់ និងតាមដានការអនុវត្តច្បាប់ស្របតាមរដ្ឋធម្មនុញ្ញក្រៅពីតួនាទីធ្វើច្បាប់ អនុម័តច្បាប់ និងតាមដានការអនុវត្តច្បាប់ សមាជិក សមាជិការដ្ឋសភាមានតួនាទីចុះមូលដ្ឋានទៅតាមមណ្ឌលរបស់ខ្លួនដើម្បីស្វែងយល់សុខទុក្ខរបស់ប្រជាពលដែលជាម្ចាស់ឆ្នោត ។
នេះជាប្រសាសន៍របស់ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ទូទាំងស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ឯកឧត្តម វង សូត បន្តថា រាជដ្ឋាភិបាលនីតិកាលទី៧ បានយកចិត្តដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពេលបច្ចុប្បន្នរាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ សេចក្តីព្រាងច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តរួចកាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្ដម វង សូត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ និងភូមិ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀតក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា ៕
ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ









