ក្រសួងបរិស្ថានចាត់ទុក ការបំភ្លឺរបស់ក្រុមហ៊ុន KRR ផ្ទុយពីលទ្ធផល នៃការចុះពិនិត្យផ្ទាល់ និងការធ្វើវិភាគសំណាកទឹកបង្ហូរចេញពីរោងចក្រ ចូលទឹកស្ទឹងសែនជ័យ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងបរិស្ថាន បានចាត់ទុកថាការបំភ្លឺរបស់ក្រុមហ៊ុន KRR Processing Food Co., Ltd. ថារោងចក្រដំណាប់ស្វាយរបស់ខ្លួន ពុំបានបង្ហូរទឹកកខ្វក់ចូលទឹកស្ទឹងសែនជ័យ នៅក្នុងភូមិសាស្រ្តឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផ្ទុយពីការលើកឡើងពីប្រជាពលរដ្ឋ ដែលមិនអាចប្រើប្រាស់ទឹកស្ទឹងបាន ហើយជាមួយគ្នានេះក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានវិភាគសំសំណាកទឹក ដែលយកចេញពីក្នុងរោងចក្រ និងលេចចេញពីរោងចក្រមានសារធាតុពុល Chemical Oxygen Demand (COD) លើសស្តងដារកំណត់ ដែលវាបង្កឲ្យមានបញ្ហាការបំពុលទឹក និងបង្កឲ្យមានផលប៉ះពាល់ដល់ជីវៈចម្រុះក្នុងទឹក ។
ក្នុងករណីកំហាប់វាខ្ពស់ខ្លាំង អាចបង្កខ្វះអុកសីសែនក្នុងទឹក បណ្តាលឲ្យត្រី និងជីវះចម្រុះរស់នៅក្នុងទឹកងាងាប់ ។
នៅក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងក្រុមហ៊ុនមានវត្តមាន. លោក លី សេងខុង ម្ចាស់ភាគហ៊ុន . លោក ម៉ៅ ម៉េង ម្ចាស់ភាគហ៊ុន និង. លោក សៅ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន បានបដិសេធថា ពុំបានបង្ហូរទឹកកខ្វក់ មានសារធាតុពុលចូលក្នុងទឹកស្ទឹងនោះទេ។
តំណាងក្រុមហ៊ុនផលិតដំណាប់ស្វាយ KRR Processing Food Co., Ltd. បានរាយការណ៍ថា បានកាយលុបចោលលូបង្ហូរទឹកស្វាយ ចេញពីរោងចក្ររួចហើយ ករណីនេះក្រុមហ៊ុនបានបង្ហាញយ៉ាងច្បាស់ ពីការទទួលស្គាល់ពីការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រចូលទឹកធម្មជាតិរួចទៅហើយ។ មួយវិញទៀត តំណាងក្រុមហ៊ុន បានបកស្រាយថាទឹកស្ទឹងពុលនោះបណ្តាលមកពី ៖ ការលាងស្វាយ ការបោះចោលសំបក និងក្តិបស្វាយ និងការបាញ់ថ្នាំកសិកម្ម របស់ប្រជាពលរដ្ឋទេ។
បើតាមការឆ្លើយតបនឹងការលើកឡើងរបស់ក្រុមហ៊ុនខាងលើ ដោយយោងលើការចុះត្រួតពិនិត្យ និងលទ្ធផលវិភាគសំណាកទឹក អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ៖ ទឹកស្ទឹងសែនជ័យ នៅចន្លោះពីទីតាំងក្រុមហ៊ុនមកស្ពានថ្មសែនជ័យ ដែលត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា មានបញ្ហាបំពុល និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់នោះ គឺជាសំណល់រាវចេញពីការផលិតដំណាប់ស្វាយ ដែលត្រូវបានគេបង្ហូរចូលស្ទឹងនាពេលកន្លងមក និងថ្មីៗនេះ ដោយសារ ៖ ទឹកមានលក្ខណៈពណ៌ដូចទឹកត្នោតជូរ មានក្លិនជូរផ្អូមខ្លាំង និងមានកម្រិត COD លើសពី 3000 mg/l ។
₋ ជាទូទៅសំណល់រាវចេញពីការផលិតដំណាប់ស្វាយ គឺមានកម្រិត COD លើសពី 10000mg/l ចំណែកឯការបង្ហូរសំណល់ទឹកកខ្វក់ចេញពីលំនៅដ្ឋាន ឬសំណលរាវចេញពីការលាងបន្លែ ផ្លែឈើ ឬការចោលសំណល់រឹងផ្សេងៗ ក្នុងលក្ខណៈជាគ្រួសារ ចូលក្នុងប្រភពទឹក គឺ COD មានកម្រិតមិនលើសពី 1000mg/l ទេ និងពុំសូវមានបង្កបញ្ហាក្លិនស្អុយខ្លាំងដូចសំណល់ពីការផលិតស្វាយឡើយ ។
₋ ចំពោះទឹកស្ទឹងនៅចន្លោះពីទីតាំងលើ ដែលមិនពាក់ព័ន្ធនឹងការបង្ហូរសំណល់រារពីការផលិតដំណាប់ស្វាយចូលនោះ គឺមានលក្ខណៈពណ៌ធម្មតា (ធម្មជាតិ) ពុំមានក្លិន ហើយ COD ស្ថិតក្នុងកម្រិតទាបជាងស្តង់ដារ (<8mg/l) ។
- នៅតំបន់ដងស្ទឹងដែលមានបញ្ហាបំពុលដោយសំណល់ទឹកស្វាយខាងលើនេះ ពុំមានរោងចក្រផលិតដំណាប់ស្វាយណា ក្រៅពីរោងចក្រ KRR Processing Food Co., Ltd. នេះទេ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកភ្នំស្រួច និងអាជ្ញាធរភូមិ ឃុំយាយម៉ៅពេជ្រនិល បានចុះធ្វើការត្រួតពិនិត្យនៅទីតាំងរោងចក្រកែច្នៃដំណាប់ស្វាយ របស់ ក្រុមហ៊ុន KRR Processing Food Co., Ltd. មានទីតាំងដូចខាងលើ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានការបង្ហូរសំណល់រាវ មានក្លិនស្អុយខ្លាំង ចូលស្ទឹងសែនជ័យ បង្កឱ្យមានការបំពុលទឹក និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕
ដោយ ៖ ម៉ាដេប៉ូ















