រដ្ឋមន្ត្រីប្រៃសណីយ៍លើកទឹកចិត្តដល់មន្រ្តីរាជការទាំងអស់ចូលរួមវគ្គបណ្តុះបណ្តាលជំនាញឌីជីថល
ភ្នំពេញ ៖ក្នុងពេលចែករំលែកនូវបទពិសោធជោគជ័យនៃការធ្វើកំណែទម្រង់ក្រសួង ឯកឧត្តម ជា វ៉ាន់ដេត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអំពាវនាវដល់ ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន សូមបន្តសហការ និងជំរុញឱ្យមន្ត្រីទាំងអស់ចូលរួមបណ្តុះបណ្តាលជំនាញឌីជីថល និងលើកទឹកចិត្តឱ្យមន្ត្រីរាជការទាំងអស់ប្តេជ្ញាចូលរួមកម្មវិធីបណ្តុះបណ្តាលនានា ដើម្បីទទួលបានចំណេះដឹងបន្ថែមនិងពង្រឹងជំនាញបច្ចេកវិទ្យាឌីជីថល។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រស្តីពី “ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល ជំនាញបច្ចេកទេសឌីជីថល និងជំនាញឌីជីថលចាំបាច់” ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួង ស្ថាប័ន ទាំង១៦ សរុបចំនួន ៣៨២រូប កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានបញ្ជាក់អំពីសារសំខាន់នូវជំនាញឌីជីថល ។ឯកឧត្តមបានលើកទឹកចិត្ត
ឱ្យមន្ត្រីរាជការទាំងអស់ប្តេជ្ញាចូលរួមកម្មវិធីបណ្តុះបណ្តាលនានា ដើម្បីទទួលបានចំណេះដឹងបន្ថែមនិងពង្រឹងជំនាញបច្ចេកវិទ្យាឌីជីថល ដោយធ្វើការទាញយកកាលានុវត្តភាពជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ក៏ដូចជាចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។
ទាក់ទងនឹងវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាដែលទទួលការបណ្ដុះបណ្ដាលមន្រ្តី
នាពេលនេះ ក្នុងរយៈពេល ៥ឆ្នាំមកនេះ បានផ្ដល់ការបណ្ដុះបណ្ដាលដល់មន្រ្តីរាជការនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបប្រមាណជាង ១១ ០០០នាក់។ការបណ្ដុះបណ្ដាលផ្អែកលើកម្មវិធីចំនួន ៣រួមមាន ៖ (១). ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល ជាកម្មវិធីបណ្តុះបណ្តាលសម្រាប់សមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ន ,(២). ជំនាញបច្ចេកទេសឌីជីថល គឺសម្រាប់មន្ត្រីជំនាញបច្ចេកទេសដែលគ្រប់គ្រងឌីជីថលនៅតាមបណ្តាក្រសួង ស្ថាប័ន និង(៣). ជំនាញឌីជីថលចាំបាច់ គឺសម្រាប់មន្ត្រីរាជការទូទៅដែលជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការចូលរួមចំណែកអនុវត្តនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាល៕
ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា







