សម្ពោធមហាកុដិ នៅវត្តព្រៃថ្មី ​អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

កំពត៖មហាកុដិមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគេន វត្តវង្សកដ្ឋបុរី ហៅ វត្តព្រៃថ្មី នៅភូមិភ្នំតូច ឃុំកណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត ត្រូវបានសម្ពោធឆ្លងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​។

ក្នុងឱកាសសម្ពោធមហាកុដិ វត្តវង្សកដ្ឋបុរី ហៅ វត្តព្រៃថ្មី​ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា
ប្រជាពលរដ្ឋកម្ពុជាដែលជាអ្នកជឿជាក់លើព្រះពុទ្ធសាសនា ជឿលើបុណ្យបាប គឺដោយសារការស្តាប់ និងការយល់ដឹង​អំពីពុទ្ធឱវាទដែលសំដែងដោយព្រះសង្ឃនៅតាមមូលដ្ឋាននានាក្នុងភូមិ ស្រុក ។ដូច្នេះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ សុំបន្ត​ចំណាយ​ពេលវេលាដើម្បីធ្វើការអប់រំទូន្មានតាមបែបព្រះពុទ្ធសាសនាឱ្យបានច្រើន ព្រោះអាចកាត់បន្ថយនូវអំពើហិង្សា ជម្លោះផ្សេងៗ ដែលជាកត្តាធ្វើឱ្យជីវភាពពលរដ្ឋកាន់តែល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្តកំពតបន្តថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសពិតជាមានសំណាង​ខ្លាំងណាស់ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព ថ្នាក់ដឹកនាំដ៏ល្អ ថ្នាក់ដឹកនាំដ៏ប៉ិនប្រសប់ ដែលបានរំដោះជាតិមាតុភូមិ និងប្រជាជនចេញ​ពីភ្នក់ភ្លើងសង្គ្រាមដ៏ខ្មៅងងឹត និងនាំយកមកនូវសុខសន្តិភាពជូនជាតិ និងប្រជាជន ព្រមទាំងធ្វើការអភិវឌ្ឍ​ប្រទេសជាតិឱ្យ​មានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសបានធ្វើឱ្យប្រជាពលរដ្ឋមាន​ជីវភាព​រស់នៅធូធារ និងសុខសាន្ត ៕
ដោយ៖ សិលា សារិន

ads banner