រដ្ឋបាលខេត្តបាត់ដំបង កែលម្អកំណាត់ផ្លូវខេត្ត​លេខ១៥៧១​ពីក្រុងបាត់ដំបង ទៅស្រុកបាណន់

បាត់ដំបង៖មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បាន​បើកការដ្ឋានជួស​ជុល​កែលម្អ ​​និងបន្តពង្រីកតួផ្លូវបន្ថែមលើកំណាត់ផ្លូវខេត្តលេខ ១៥៧១ ពីក្រុងបាត់ដំបង ឆ្ពោះទៅស្រុកបាណន់ដែលមាន​ប្រវែង​ជាង៤គីឡូ​ម៉ែត្រ។ការដ្ឋាននេះជាជំហានបន្តលើកទី២ តពីគម្រោងឆ្នាំ២០២៤។

ពិធីបើកការដ្ឋានកែលម្អ និងពង្រីកកំណាត់ផ្លូវខេត្តលេខ១៥៧១ ដែលប្រារព្ធនៅសង្កាត់វត្តគរ ឯកឧត្តម សុខ លូ អភិបាល​ខេត្តបាត់​ដំបង ជាមួយការអបអរសាទរចំពោះការកសាងសមិទ្ធផលថ្មីបន្ថែម ឯកឧត្តមក៏បានរំលឹកដល់​អភិបាលក្រុង ស្រុក ឃុំ សង្កាត់ ពាក់ព័ន្ធ​នៅទីនោះ ថាក្រោយពីការដ្ឋានបញ្ចប់ ត្រូវរៀបចំដាំដើមឈើនៅ​តាមសង​ខាងផ្លូវ​ឡើងវិញ និងនៅតាម​មុខផ្ទះដើម្បី​លើកកម្ពស់​សោភណភាពតាមដងផ្លូវ និងគេហដ្ឋាននីមួយៗ ។

ឯកឧត្តមអភិបាលខេត្តក៏បានបន្តដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ដោយណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ ក្នុងដែនសមត្ថកិច្ច របស់​ខ្លួន ត្រូវតែចាត់វិធានការរឹតបន្តឹងលើការគ្រប់គ្រងចំណីផ្លូវ។ ទប់ស្កាត់​ការរំលោភដីចំណីផ្លូវ ។

ចំណែកឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង បានឱ្យដឹងថា ការដ្ឋានជួសជុល​កំណាត់​ផ្លូវខេត្តលេខ១៥៧១ ជាជំហានបន្តលើកទី២ សម្រាប់ឆ្នាំ២០២៥។ការងារមាន ការកាយបកដីគ្មាន​គុណភាព​នៅ​លើតួថ្នល់ និងពង្រីកសង​ខាងប្រវែងបួនគីឡូម៉ែត្រ លើកំណាត់តួថ្នល់ចាស់ចំនួនពីរ​កន្លែង​ប្រវែង១, ៥គីឡូ​ម៉ែត្រ​និងការងារ​ដាក់ប្រព័ន្ធលូមូល ,ការពង្រីកលូ​ប្រអប់​កាត់ទទឹងផ្លូវមួយកន្លែង ព្រមទាំងរៀបចំដាំបង្គោល​នាំផ្លូវ ,ផ្លាកសញ្ញាចរាចរណ៍ និងគូសគំនូសចរាចរណ៍ ជាដើម។

បន្ទាប់ពីការងាររួចរាល់កំណាត់ផ្លូវនេះ ពិតជាមានសារសំខាន់ ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ​​ក្នុងធ្វើ​ចរាចរ​ផ្សេងៗ ,បម្រើដល់វិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ចក្នុងតំបន់និងសង្គម​ជាតិទាំងមូល។

ក្នុងឱកាសនេះលោកប្រធានមន្ទីរ បានសំណូមពរដល់ប្រជាពលរដ្ឋ​ដែលរស់នៅតាមដងផ្លូវសូមចូលរួម​រុះរើរបង កាប់រុក្ខជាតិ តាមមុខផ្ទះ ពិសេសរោងតាមចិញ្ចើមផ្លូវ ដែលប៉ះពាល់ដល់គម្រោងកែលំអផ្លូវនេះ៕
អត្ថបទ-រូបភាព៖អ៊ុក សំអាន បប.

ads banner