បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ កម្ពុជា បានធ្វើពិពិធកម្មចេញពីការពឹងផ្អែកចម្បងលើវិស័យកសិកម្ម មកពឹងផ្អែកលើវិស័យឧស្សាហកម្មជាចម្បងវិញ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបន្ថេមថា នៅក្នុងអភិក្រមស្របគ្នានេះ រចនាសម្ព័ន្ធកម្លាំងពលកម្មកម្ពុជា ទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ពោលគឺកំណើនកម្លាំងពលកម្មសម្រាប់វិស័យឧស្សាហកម្ម បានកើនពី ៨,២% ក្នុងឆ្នាំ២០០០ ដល់ ៣០,៥% ក្នុងឆ្នាំ២០២៤។ កម្លាំងពលកម្មក្នុងវិស័យសេវាកម្មមានសមាមាត្រ ២០% ក្នុងឆ្នាំ២០០០ កើនដល់៤១,៨% ក្នុងឆ្នាំ២០២៤ រីឯកម្លាំងពលកម្មវិស័យកសិកម្ម បានថយចុះពី ៧១,៨% មកដល់ ២៩%។

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើថា រយៈពេល ២ឆ្នាំចុងក្រោយនេះ រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានធ្វើពិពិធកម្មចេញពីការពឹងផ្អែកចម្បងលើវិស័យកសិកម្ម មកពឹងផ្អែកលើវិស័យឧស្សាហកម្មជាចម្បងវិញ។ ក្នុងឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុប របស់កម្ពុជា ត្រូវបានរួមចំណែកយ៉ាងរឹងមាំពីវិស័យឧស្សាហកម្មក្នុងសមាមាត្រ ៣៨,៧% ចំណែកឯ វិស័យសេវាកម្ម និងកសិកម្ម មានសមាមាត្រ ៣៧,៨% និង២៣,៦% ។

ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា រាជរដ្ឋាភិបាល បានផ្តល់អាទិភាពដល់ការអភិវឌ្ឍឧស្សាហកម្មអតិពលកម្ម ដែលជាមូលដ្ឋានគ្រឹះនៃការចាប់ផ្តើមឡើងជណ្តើរឧស្សាហូបនីយកម្ម។ ក្នុងនោះ គោលនយោបាយបើកចំហសេដ្ឋកិច្ច ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅក្នុងវិស័យដែលកម្ពុជាមានឧត្តមភាពប្រៀបធៀប ត្រូវបានទទួលស្គាល់ថាជាកាតាលីករជំរុញដ៏សំខាន់។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងដើរតួយ៉ាងសំខាន់បំពេញតួនាទីរបស់រដ្ឋ ក្នុងការជំរុញកំណើនអនុគមន៍ផលិតកម្ម តាមរយៈការជួយជ្រោមជ្រែងវិស័យឯកជនក្នុងការផ្គូផ្គងកម្លាំងពលកម្ម ការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ និងការសម្របសម្រួលស្ថាប័ន ដែលបានចូលរួមបង្កើនផលិតភាព រួមចំណែកដល់ឋាមវន្តភាពនាំចេញ និងស្ថិរភាពកំណើនការងារ។

យោងតាមរបាយការណ៍ស្វាគមន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រសួងការងារបានដាក់ចេញទិសដៅការងារអាទិភាពចំនួន៧ចំណុច សម្រាប់ការអនុវត្តនៅឆ្នាំ២០២៥៖ ទី១. គឺបន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១០ចំណុច របស់សម្តេចធិបតី ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនដែលជាគោលដៅ ១,៥លាននាក់ មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ។ ២. បន្តជំរុញការអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម ដោយបន្តពង្រឹងនិងពង្រីកសេវាការងារសាធារណៈតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារគ្រប់ជ្រុងជ្រោយ ដែលជាមូលដ្ឋានសម្រាប់មគ្គទេសក៍អាជីព។ ៣. បន្តធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយបន្តជំរុញការដាក់ឱ្យអនុវត្តច្រកសិក្សាដែលមានភាពបត់បែន។ ៤. បន្តអភវិឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយបន្តលើកកម្ពស់អនុលោមភាព, ជំរុញការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ ៥. បន្តពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធតាមដានការធ្វើទេសន្តរប្រវេសន៍ការងារ, ការធ្វើបច្ចុប្បន្នភាពទីភ្នាក់ងារជ្រើសរើសឯកជន, និងការកាត់បន្ថយតម្លៃសេវាជ្រើសរើសនិងបញ្ជូនពលករ។ ៦. បន្តអភិវឌ្ឍរបបសន្តិសុខសង្គមស្របតាមការវិវត្ត នៃស្ថានភាពសង្គម-សេដ្ឋកិច្ច។ និងទី៧. បន្តធ្វើទំនើបកម្មស្ថាប័ន និងការផ្ដល់សេវាសាធារណៈ និងសេវាគាំទ្រទូទៅ តាមរយៈការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយពាក់ព័ន្ធ, និងការធ្វើបរិវត្តិកម្មឌីជីថល សំដៅឆ្លើយតបទៅនឹងសំណូមពររបស់កម្មករនិយោជិត និងវិស័យឯកជន៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner