ឯកឧត្តម គួច ចំរើន ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល ជាកងទ័ពគំរូដ៏ល្អ ក្នុងជួរកងយោធពលខេមរភូមិន្ទ
(ខេត្តកណ្តាល)៖ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានបំពេញកាតព្វកិច្ចយ៉ាងស្វាហាប់ ដែលអាចចាត់ទុកថា ជាកងទ័ពគំរូដ៏ល្អ ក្នុងជួរកងយោធពលខេមរភូមិន្ទ ក្នុងការសហការ ការពារធានាសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ និងចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅមូលដ្ឋាន ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ៧ចំណុច របស់រាជរដ្ឋាភិបាល និងបានចូលរួមក្នុងការងារសង្គមជាច្រើនទៀត។

លើសពីនេះ យោធិននៅក្នុងអង្គភាពមានការគោរពវិន័យ និងការចាត់តាំងបានល្អប្រសើរ ដោយ ទូទាំងអង្គភាពមិនមានយោធិនណាម្នាក់ប្រព្រឹត្តបទល្មើស ដែលនាំឱ្យប៉ះពាល់ដល់សង្គមជាតិ ដូចជាការជួញដូរ ឬប្រើប្រាស់គ្រឿងញៀន និងការលេងល្បែងស៊ីសងឡើយ ។

ឯកឧត្តម គួច ចំរើន បានលើកឡើងបែបនេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល បានរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ ។

ឯកឧត្ដមអភិបាលខេត្ត បន្តថា តំបន់ប្រតិបត្តិការសឹករងកណ្ដាល បន្តរក្សាការប្រមូលផ្តុំកម្លាំងត្រៀមប្រយុទ្ធយូរអង្វែងអោយខ្ជាប់ខ្ជួន ដើម្បីធ្វើអន្តរាគមន៍ នៅពេលមានសភាពការណ៍កើតឡើងដោយចៃដន្យ ត្រៀមទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពក្រុមជ្រុលនិយម ព្រមទាំងការពារសុខសន្តិភាពរបស់ប្រទេសជាតិពីការធ្លាក់ក្នុងគ្រោះមហន្តរាយ តាមរយៈការប៉ុនប៉ងធ្វើបដិវត្តពណ៌ ឬការញុះញង់គ្រប់រូបភាព ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតឡើងពីការបោះឆ្នោត ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងលើកកម្ពស់កិត្យានុភាពរបស់កងយោធពលខេមរភូមិន្ទ ឱ្យសក្ត័សមជាកងទ័ពកើតពីប្រជាជន ដើម្បីបម្រើប្រជាជន ស្មោះត្រង់ដាច់ខាតជាមួយរាជរដ្ឋាភិបាល ក្នុងនាមនាយ-ពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល ប្តេជ្ញាស្មោះត្រង់ ការពារដាច់ខាតនូវឯករាជ អធិបតេយ្យភាព បូរណភាពទឹកដី រដ្ឋធម្មនុញ្ញ ព្រះមហាសក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការឧបត្ថម្ភ នូវថវិកាចំនួន ២០.០០០.០០០(ម្ភៃលានរៀល) សាំងចំនួន៣ពាន់លីត្រ និងកៅអីសំរាប់ដាក់ក្នុងសាលប្រជុំចំនួន ២០០កៅអី ផងដែរ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា
