ទេសរដ្ឋមន្ត្រីគន់ គីម អញ្ជើញសួរសុខទុក្ខអតីតយុទ្ធជនចំនួន ៦៥គ្រួសារនៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្ត រាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនអតីតយុទ្ធជនចំនួន ៦៥គ្រួសារនិងអញ្ជើញពិនិត្យអគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនេះឯកឧត្តម គន់ គីម បានលើកឡើងគុណបំណាច់យ៉ាងធំធេងដោយលះបង់សាច់ស្រស់ឈាមស្រស់ ជាមួយថ្នាក់ដឹកនាំ ដើម្បីការពារបូរណភាពទឹកដី រហូតប្រទេសជាតិមានសុខសន្តិភាព។ឯកឧត្តមបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ មិនបោះបង់ចោលនរណាម្នាក់ ថែមទាំងផ្តល់នូវភាពកក់ក្តៅជានិច្ច ដោយបានមើលថែ ទំនុកបំរុង ជាពិសេសបានចែកជូននូវដីលំនៅដ្ឋាន ដីកសិកម្ម ផ្ទះ និងសម្ភារៈផ្សេងៗទៀត។

ឯកឧត្តមក៏បានផ្តាំផ្ញើរដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តយកចិត្តទុកដាក់ មើលថែអតីតយុទ្ធជន និងគ្រប់គ្រងដីសម្បទានសម្រាប់អតីតយុទ្ធជនឱ្យបានល្អ ដើម្បីទុកសម្រាប់ដោះស្រាយជូនអតីតយុទ្ធជនជាបន្តទៀត៕
ដោយ៖ សុខ គឹមសៀន
