លោក Zelensky នៅតែទទួលស្គាល់ថា ការគាំទ្ររបស់លោក Trump “សំខាន់”
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ទទួលស្គាល់ថា ការគាំទ្ររបស់សហរដ្ឋអាមេរិក គឺជារឿង “សំខាន់” ខណៈការអះអាងនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីរូបលោកមានជម្លោះពាក្យសម្តីនៅមុខប្រព័ន្ធផ្សព្វផ្សាយជាមួយមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមាន។
លោក ហ្សេលេនស្គី បានបង្ហោះសារនៅលើវេទិកា X នៅព្រឹកថ្ងៃសៅរ៍ថា វាមានសារៈសំខាន់ណាស់សម្រាប់ពួកយើង ចំពោះការគាំទ្រពីលោកប្រធានាធិបតី ត្រាំ។ លោកចង់បញ្ចប់សង្គ្រាមណាស់ ព្រោះគ្មានអ្នកណាចង់បានសន្តិភាពជាងយើងទេ។
លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា យើងអរគុណយ៉ាងជ្រាលជ្រៅចំពោះអាមេរិកសម្រាប់ការគាំទ្រទាំងអស់។ ខ្ញុំសូមអរគុណដល់លោកប្រធានាធិបតី ត្រាំ, សភា និងប្រជាជនអាមេរិកសម្រាប់ការគាំទ្ររបស់ពួកគេ។ ប្រជាជនអ៊ុយក្រែនតែងតែកោតសរសើរចំពោះការគាំទ្រនេះ ជាពិសេសក្នុងអំឡុងពេល ៣ឆ្នាំនៃការលុកលុយយ៉ាងពេញទំហឹងរបស់រុស្ស៊ី។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ទៀតថា ទោះបីជាមានការប៉ះទង្គិចពាក្យសម្តីគ្នាកាលពីថ្ងៃសុក្រក៏ដោយ អ៊ុយក្រែន និងអាមេរិក “នៅតែជាដៃគូយុទ្ធសាស្ត្រ” ប៉ុន្តែយើងត្រូវមានភាពស្មោះត្រង់ និងជឿជាក់គ្នាទៅវិញទៅមកដើម្បីស្វែងយល់ពីគោលដៅរួមរបស់យើងយ៉ាងពិតប្រាកដ៕
ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា
