រដ្ឋមន្ត្រី សុខ សូកេន ៖ ការងារអធិការកិច្ច សុទ្ធតែមានចំណែកក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងមានវិធានការចំពោះបាតុភាពអសកម្មនានា

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៧ វគ្គ១ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានលើកឡើងថា ការងារអធិការកិច្ចទោះស្ថិតក្នុងកម្រិតណាក៏ដោយទាំងកម្រិតក្រសួងអធិការកិច្ច កម្រិតអគ្គាធិការដ្ឋាន ឬអង្គភាពអធិការកិច្ចតាមបណ្ដាក្រសួងស្ថាប័ន ឬកម្រិតផ្សេងទៀតដែលជាបណ្ដាញអធិការកិច្ចរបស់ក្រសួងអធិការកិច្ច គឺសុទ្ធតែមានចំណែកក្នុងការចូលរួមបង្កាទប់ស្កាត់ កែសម្អ និងមានវិធានការចំពោះ បាតុភាពអសកម្មនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំការគ្រប់គ្រង ពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ ។

ឯកឧត្តមរដ្ឋមន្រ្តី បានរំលេចនូវតួនាទីរបស់ក្រសួងអធិការកិច្ចដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ និងការលើកកម្ពស់អភិបាលកិច្ចល្អ ដែលជាចំណុចស្នូលនៃគោលនយោបាយរាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានរំលេចផងដែរពីបទពិសោធន៍ និងការវិវត្តន៍របស់វិស័យអធិការកិច្ចនៃបណ្តាប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិច ប្រទេសចិន និងប្រទេសវៀតណាម ដើម្បីជាពុទ្ធិបន្ថែមសម្រាប់សិក្ខាកាម ។

នាយកវិទ្យាស្ថានអធិការកិច្ច ឯកឧត្តម សោម បូរ៉ាន់ ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ បានជួយតម្រង់ទិស ផ្តល់ចំណេះដឹងទាំងទ្រឹស្តី បទពិសោធ និងឧត្តមានុវត្តតាមរយៈ ប្រធានបទគន្លឹះចំនួន ៧ រួមមាន ទិដ្ឋភាពទូទៅនៃការងារអធិការកិច្ច, ប្រព័ន្ធនយោបាយ ប្រព័ន្ធគ្រប់គ្រងរដ្ឋ និងយុទ្ធសាស្រ្តបញ្ចកោណ, អធិការកិច្ចផ្អែកលើហានិភ័យ, ស្ថាប័ន អធិការកិច្ច និងមន្រ្តីអធិការកិច្ច, គណនេយ្យ-ហិរញ្ញវត្ថុ, ផែនការ កំណត់ហតុ និងរបាយការណ៍ និងវិធីសាស្រ្តអធិការកិច្ច ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner