អឺរ៉ុបរួមគ្នាគាំទ្រលោក Zelensky ក្នុងជម្លោះពាក្យសម្តីជាមួយលោក Trump

ព្រុចសែល ៖ មេដឹកនាំអឺរ៉ុបបានប្រមូលផ្តុំគ្នាគាំទ្រប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្រោយមានជម្លោះពាក្យសម្តីយ៉ាងតឹងសរសៃករជាមួយបុរសខ្លាំងអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមាន កាលពីថ្ងៃសុក្រ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក កេ ស្តារមឺ បានប្តេជ្ញារក្សាការគាំទ្រមិនផ្លាស់ប្តូរសម្រាប់អ៊ុយក្រែន។ រីឯប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និយាយថា មានអ្នកឈ្លានពានរុស្ស៊ី … មានជនរងគ្រោះអ៊ុយក្រែន … យើងត្រឹមត្រូវដែលជួយអ៊ុយក្រែន និងដាក់ទណ្ឌកម្មរុស្ស៊ីកាលពីបីឆ្នាំមុន ហើយនឹងបន្តធ្វើដូច្នេ។

ចំណែកអតីតអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ និយាយថា គ្មានអ្នកណាម្នាក់ចង់បានសន្តិភាពជាងប្រជាជនអ៊ុយក្រែនទេ ខណៈអនាគតមេដឹកនាំអាល្លឺម៉ង់ លោក ហ្វ្រីដរីក មឺសស៍ និយាយថា យើងឈរជាមួយអ៊ុយក្រែន ហើយយើងមិនត្រូវច្រឡំអ្នកឈ្លានពាន និងជនរងគ្រោះក្នុងសង្រ្គាមដ៏អាក្រក់នេះឡើយ។

ដោយឡែក ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូស៊ុលឡា វ៉ុនឌឺឡេយិន បានប្រាប់លោក ហ្សេលេនស្គី ថា សេចក្តីថ្លៃថ្នូររបស់អ្នកផ្តល់កិត្តិយសដល់ភាពក្លាហានរបស់ប្រជាជនអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ និយាយថា កាណាដានឹងបន្តឈរនៅជាមួយអ៊ុយក្រែន ដរាបណាសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។

ជាមួយគ្នានេះ មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី បានឆ្លើយតបសារដោយផ្ទាល់ទៅពួកគេវិញម្តងម្នាក់ៗ ដើម្បីថ្លែងអំណរគុណចំពោះការគាំទ្ររបស់ពួកគេ។ ទន្ទឹមគ្នា តំណាងមកពីបណ្តាប្រទេសអឺរ៉ុបជាងដប់មួយនឹងកោះប្រជុំនៅទីក្រុងឡុងដ៍ សម្រាប់កិច្ចប្រជុំកំពូលមួយនៅថ្ងៃអាទិត្យនេះ ដែលផ្តោតលើការជំរុញការគាំទ្រសម្រាប់ «ការធានាសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង» នៅអ៊ុយក្រែន៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner