សម្ដេចបវរធិបតី បង្ហាញរូបថតអំពីការចរចារវាងភាគីកម្ពុជា និងថៃ ជាមួយសាររំលឹកថា គ្មានអ្វីចំណេញពីសង្គ្រាម និងការប្រយុទ្ធគ្នានោះទេ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានបង្ហាញរូបថតប៉ុន្មានសន្លឹកដែលថតនៅថ្ងៃទី១៩ កុម្ភៈឆ្នាំ ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ ខេត្តឧត្តរមានជ័យ ជាមួយនឹងសាររំលឹកថា”គ្មានអ្វីចំណេញពីសង្គ្រាមនិងការប្រយុទ្ធគ្នានោះទេ”។សម្ដេចបវរធិបតីបន្ថែមថា”បទពិសោធន៍ដែលទើបតែ កើតមានជាងមួយទសវត្សរ៍កន្លងទៅនេះ គឺជាការដាស់តឿនសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេសឱ្យប្រយ័ត្ននៅក្នុងការធ្វើសកម្មភាព អ្វីមួយត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីជៀសវាងនូវសកម្មភាពជ្រុលនិយមទាំងឡាយណាដែលអាចឈានទៅបង្កើតអំពើហិង្សា ដូចបានកើតឡើងនៅចន្លោះឆ្នាំ២០០៨-២០១១។

សម្ដេចបវរធិបតីបានពណ៌នាលើរូបថតដែលសម្ដេចបានបង្ហាញថា “រូបទាំងនេះបង្ហាញអំពីការចរចារវាងភាគីកម្ពុជាដែលដឹកនាំដោយ រូបខ្ញុំ ក្នុងនាមជាមេបញ្ជាការរងកងទ័ពជើងគោក (ដោយមានការចូលរួមពីឯកឧត្តម ជា ម៉នអតីតមេបញ្ជាការយោធភូមិភាគទី៤និង ឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣) ជាមួយភាគីកងទ័ពថៃដែលដឹកនាំដោយនាយសេនាធិកា កងទ័ពជើងគោកថៃ ក្នុងគោលដៅឈានទៅរកការផ្អាកការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ដែលបានផ្ទុះឡើងនៅឆ្នាំ ២០០៨នៅទិសប្រាសាទ ព្រះវិហារ និងរាលដាលដល់ទិសប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅឆ្នាំ ២០១១។

សម្ដេចបវរធិបតីបានបន្តថា ការប្រយុទ្ធគ្នាពេលនោះ គឺមិនមែនផ្ដើមដោយកងទ័ព ឬរាជរដ្ឋាភិបាលនៃប្រទេសណាមួយនោះទេ។ ប៉ុន្តែវាចាប់ផ្ដើមឡើងដោយអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពក្រោមផ្លាកស្នេហាជាតិ ហើយរំលោភចូលមកកាន់កាប់វត្តកែវ សិក្ខាគីរីស្វារៈ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨។
សកម្មភាពដែលផ្ដើមឡើងដោយមនុស្សប៉ុន្មាននាក់នេះ បានរាលដាល រហូតដល់មានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពនៃប្រទេស ទាំងពីរអស់រយៈពេលជាង៣ឆ្នាំ ចាប់ពីតំបន់ប្រាសាទព្រះវិហាររហូតដល់តំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របីដោយបានបង្កឱ្យកងទ័ព ទាំងពីរប្រទេសរងរបួស និងស្លាប់ជាច្រើននាក់ ក៏ដូចជាបង្ខំឱ្យប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋថៃដែលរស់នៅក្នុងនិងក្បែរតំបន់ប្រយុទ្ធគ្នា រាប់ពាន់គ្រួសារត្រូវជម្លៀស ចេញពីផ្ទះសម្បែងរបស់ខ្លួន។ បន្ថែមលើនោះទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងវិស័យផ្សេងៗ ក៏ទទួលរងការប៉ះពាល់ ជាអវិជ្ជមានផងដែរនាពេលនោះ។ នេះបើតាមសំណេរបញ្ជាក់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ក្នុងសំណេរដដែលថា បទពិសោធន៍ដែលទើបតែកើតមានជាងមួយទសវត្សរ៍កន្លងទៅនេះ គឺជាការដាស់តឿនសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេស ឱ្យប្រយ័ត្ននៅក្នុងការធ្វើសកម្មភាពអ្វីមួយ ត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជៀសវាងនូវសកម្មភាពជ្រុលនិយមទាំងឡាយណា ដែលអាចឈានទៅបង្កើតអំពើហិង្សាដូចបានកើតឡើងនៅចន្លោះឆ្នាំ២០០៨-២០១១។
ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាប្រជាពលរដ្ឋថៃមានសិទ្ធិស្នេហាជាតិ និងស្នេហាទឹកដីរបស់ខ្លួន។ប៉ុន្តែសម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានទាញនូវការពន្យល់ថា ” ប្រទេសទាំងពីរមិនអាចលើកចេញពីគ្នាបានទេហើយចំពោះបញ្ហាព្រំដែននៅសេសសល់ដែលជាមរតកប្រវត្តិសាស្ត្រ គឺបានបន្សល់ទុកជាយូរណាស់មកហើយ។ យើងត្រូវខិតខំដោះស្រាយឲ្យបានចប់ ដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ តាមរយៈយន្តការផ្លូវការដែលបានឯកភាពគ្នារវាងប្រទេសទាំងពីរ ដើម្បីជាសវាងបង្កជាបញ្ហាហិង្សា ដែលអាចកើតមានជាយថាហេតុដូចកាលពីឆ្នាំ២០០៨-២០១១”។
សម្ដេចធិបតីបានបន្ថែមថា”ខ្ញុំកើតមិនទាន់សង្គ្រាមក្នុងទសវត្សរ៍ទី៧០ហើយក៏នៅតូចនៅក្នុងដំណាក់កាលនៃសង្គ្រាមស៊ីវិលក្នុងទសវត្សរ៍ទី៨០ និងដើមទសវត្សទី៩០។ ប៉ុន្តែខ្ញុំគិតថាការប្រយុទ្ធគ្នានៅឆ្នាំ២០០៨-២០១១ គឺមិនខុសគ្នាពីការប្រយុទ្ធគ្នាកាលពីអតីតកាលនោះទេ គឺគ្មានអ្វីចំណេញពីសង្គ្រាមនិងការប្រយុទ្ធគ្នានោះទេ”។អ្នកដែលខាតបង់ផ្ទាល់គឺយោធិននៃប្រទេសទាំងពីរនិងក្រុមគ្រួសារដែលត្រូវបាត់បង់សមាជិកគ្រួសារក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា(មិនទាន់គិតពីផលប៉ះពាល់លើទំនាក់ទំនងក្នុងវិស័យផ្សេងៗរវាងប្រទេសទាំងពីរនោះផង)។ ដោយឡែក អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឱ្យឈានទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ។ ពួកគេតែងតែរត់ទៅនៅកន្លែងសុវត្ថិភាពរាប់រយគីឡូម៉ែត្រពីតំបន់ប្រយុទ្ធគ្នា។
បើតាមសំណេរបែបនយោបាយនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមថា នេះគឺជាមេរៀនមួយ ដែលប្រជាពលរដ្ឋទាំងខ្មែរ ទាំងថៃត្រូវចងចាំ និងខិតខំធ្វើយ៉ាងណា កុំឱ្យមានកើតឡើងទៀត ។
ជាការកត់សម្គាល់សារនយោបាយមួយនេះបានកើតឡើងបន្ទាប់ពីម្តងហើយ ម្តងទៀត អ្នកជាតិនិយមជ្រុលថៃមួយចំនួនកំពុងតែរុញរដ្ឋាភិបាលថៃអំពីសកម្មភាពបទល្មើសអនឡាញដែលកំពុងកើតឡើងនៅលើទឹកដីថៃ ជាមួយនឹងការចង្អុលមករកកម្ពុជា ជាមួយនឹងការជំរុញឱ្យធ្វើរបងព្រំដែនត្រង់ចំណុចខេត្តស្រះកែវ ប្រទេសថៃនិងខេត្តបន្ទាយមានជ័យប្រទេសកម្ពុជាប្រវែងប្រមាណ៥០គីឡូម៉ែត្រផងដែរ៕
ដោយ៖ វណ្ណលុក
