អង់គ្លេសឲ្យលោក Zelensky ខ្ចីលុយជិត ៣ ពាន់លានដុល្លារ ទិញអាវុធប្រយុទ្ធនឹងរុស្ស៊ី
វ៉ាស៊ីនតោន ៖ ខុសគ្នាស្រឡះកាលពីជួបលោក ត្រាំ មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក ស្តាមឺ កាលពីថ្ងៃសៅរ៍ រួមជាមួយប្រាក់កម្ចីជាង ២.៨៤ ពាន់លានដុល្លារ ទុកជំរុញឃ្លាំងសព្វាវុធប្រឆាំងរុស្ស៊ី។

ប្រាក់កម្ចីនេះ នឹងប្រើប្រាស់លុយបានមកពីទ្រព្យសកម្មរបស់រុស្ស៊ីដែលបានបង្កក ហើយវាគឺ ស្របតាមកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដ៏ទូលំទូលាយ ដើម្បីរក្សាឲ្យរុស្ស៊ីទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ សម្រាប់សកម្មភាពបង្កសង្គ្រាមលុក លុយនៅអ៊ុយក្រែន ក៏ដូចជាគាំទ្រដល់ការការពារជាតិ និងការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។

ជាមួយគ្នានេះ លោក ហ្សេលេនស្គី បានសម្តែងការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់អង់គ្លេស ដោយបញ្ជាក់ថា ប្រាក់កម្ចីនេះនឹងដឹកនាំឆ្ពោះទៅរកការផលិតអាវុធនៅក្នុងប្រទេសអ៊ុយក្រែន។
មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយយ៉ាងដូច្នេះថា ប្រាក់កម្ចីនេះទៀតសោត បានបង្កប់នូវយុត្តិធម៌ពិតប្រាកដ ហើយថា អ្នកដែលចាប់ផ្តើមសង្គ្រាមត្រូវតែជាអ្នកបង់លុយ។
រីឯមេដឹកនាំអង់គ្លេស លោក ស្តាមឺ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥឡូវនេះគឺជាពេលវេលាសម្រាប់ពួកយើង ដើម្បីរួបរួមគ្នាផ្តល់លទ្ធផលធានាដ៏ល្អបំផុតដល់អ៊ុយក្រែន ព្រមទាំងការពារសន្តិសុខអឺរ៉ុប និងធានាអនាគតរួមរបស់យើង៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
