ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ណែនាំដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ ខិតខំដោះស្រាយសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាជនតាមមូលដ្ឋាន
កណ្តាល ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន កម្ពុជាបានណែនាំដល់ថ្នាក់ដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកណ្ដាលគ្រប់លំដាប់ថ្នាក់, ក្រុង ស្រុក ឃុំសង្កាត់ទាំងអស់ ឱ្យបន្ដសហការគ្នា និងយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងគោលនយោបាយនិងកម្មវិធីនយោបាយរបស់គណបក្សជាពិសេសការបន្តសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងបក្ស,ការពង្រឹងនិងពង្រីករចនាសម្ព័ន្ធអង្គការចាត់តាំងបក្សនៅគ្រប់កម្រិត, ការផ្សាភ្ជាប់ជាមួយប្រជាជន ជួយជ្រោមជ្រែងប្រជាជន និងធ្វើជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រជាជន, ខិតខំដោះស្រាយសំណូមពរនិងបញ្ហាប្រឈមនានានៅតាមមូលដ្ឋានតាមរយៈការរៀបចំវេទិកាសាធារណៈជាដើម ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ បានថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការគណបក្ស និងសមិទ្ធផលនានាក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយ ស្ថិតក្នុងភូមិស្ដៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត គុណ ញឹម សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ, ព្រមទាំងក្រុមការងារពាក់ព័ន្ធយ៉ាងច្រើនកុះករ។

ក្នុងឱកាសនេះដែរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរចំពោះគណបក្សខេត្តកណ្ដាល, ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ទូទាំងស្រុកកៀនស្វាយ, ជាពិសេស ឯកឧត្តមបណ្ឌិត គុណ ញឹម ដែលបានដឹកនាំក្រុមការងារគណបក្ស ចុះពង្រឹងនិងអភិវឌ្ឍមូលដ្ឋានស្រុកកៀនស្វាយ សម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។

ទាក់ទងនឹងសមិទ្ធផលអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយដែលដាក់សម្ពោធ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលប្រធានគណៈកម្មាធិការគណបក្សខេត្តនិងជាអនុប្រធានប្រចាំការនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាលបានបញ្ជាក់ថានេះជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីនៅស្រុកកៀនស្វាយ។អគារនេះបានសាងសង់ដោយយកលំនាំ និងទម្រង់តាមវិមាន ៧មករា មានទំហំ ៥៦ម៉ែត្រ គុណនឹង ៤២.៥ម៉ែត្រ បំពាក់សម្ភារៈ បរិក្ខារទំនើប និងបរិវេណខាងក្រៅអគារ ដោយមានសួនច្បារដើមឈើលម្អដ៏ស្រស់បំព្រង ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

