ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញចូលរួមសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តគិរីសោភ័ណភ្នំទែតក្នុង ដែលមានចំណាស់ជាង១០០ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិនិងជាមេបញ្ជាការរង កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទកាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ កាន់អង្គនិងឆ្លងសមិទ្ធផលនានានៅវត្ត គិរីសោភ័ណភ្នំទែតក្នុង នៃឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា សមិទ្ធផលនានាដែលសម្ពោធឆ្លង រួមមាន មហាកុដិ សាលាសំណាក់ រូបសំណាក និងផ្លូវបេតុង។

បើតាមឯកឧត្តម ហ៊ុន ម៉ានិត រំលឹកថា វត្តនេះមានប្រវត្តិសាស្រ្ត យូរលង់ណាស់មកហើយ ចាប់តាំងពីឆ្នាំ ១៩០៩។ ក្នុងរបបខ្មែរក្រហម វត្តនេះត្រូវបានគេប្រែក្លាយជាឃ្លាំងស្តុកជី ហើយព្រះវិហារ ត្រូវបានរុះរើធ្វើជាសរសរស្ពាន និងទំនប់ស្ទឹង។

ឯកឧត្តមបន្តថា ក្នុងពេលប្រទេសយើងស្ថិតក្នុងសង្គ្រាម គ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយប្រទេសយើងទទួល រងនូវការបំផ្លិចបំផ្លាញ សិទ្ធិសេរីភាព និងជំនឿសាសនា ត្រូវបានបាត់បង់ទាំងស្រុង ហើយគ្មានការអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រនោះទេ។
ការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាយើងបានរំដោះកម្ពុជា ចេញពីរបបខ្មៅងងឹត ហើយស្វែងរកសន្តិភាពពេញលេញជូនជាតិ។ វត្តអារាមត្រូវបានរៀបចំឡើងវិញនិងបន្តអភិវឌ្ឍជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តម ហ៊ុន ម៉ានិត បានសង្កត់ធ្ងន់ថា កត្តាសុខសន្តិភាព និងស្ថិរភាពសង្គម គឺជាកត្តាស្លាប់រស់របស់ជាតិនិងជាមូលដ្ឋានគ្រឹះនៃ ការអភិវឌ្ឍលើគ្រប់វិស័យ។ទោះបីក្រុមជ្រុលនិយមមួយចំនួនតូច តែងតែលាបពណ៌ ភូតកុហុក និងបំប៉ោងព័ត៌មានជាដើមក៏ដោយ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តបេ្តជ្ញាអនុវត្តគោលការណ៍ និងមាគ៌ាគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គម រួមសុខរួមទុក្ខជាមួយប្រជាជននិងលើកស្ទួយជីវភាពប្រជាជនឱ្យរីកចម្រើនទៅមុខ។
ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកា ចូលរួមកសាងសមិទ្ធផលក្នុងវត្តអារាមជាបន្តបន្ទាប់ និងអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារ ចូលរួមយ៉ាងសកម្ម ក្នុងចលនាភូមិឃុំមានសុវត្ថិភាព ធានាសុខសុវត្ថិភាពជូនប្រជាជន៕
ដោយ៖មុនី
រូបថត៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានិត
