ឯកឧត្តម សោម ចិន ៖ កីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ បានបំផុសគំនិតថែរក្សាសន្តិភាព សុខភាព និងសមគ្គីភាព
(ភ្នំពេញ)៖ ប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ពានរង្វាន់ ឯកឧត្តមបណ្ឌិត សោម ចិន លើកទី៣ ឆ្នាំ ២០២៥ បានរៀបចំឡើង នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីបំផុសគំនិត ថែរក្សា សន្តិភាពសុខភាព និងសមគ្គីភាព ។
ឯកឧត្តមបណ្ឌិត សោម ចិន បានឱ្យដឹងថា ការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ដែលរៀបចំ ធ្វើជាលើកទី៣នៅពេលនេះ មានគោលបំណងសំខាន់ធំ៤ គឺ ដើម្បីអបអរសាទរថ្ងៃទិវានារីអន្តរជាតិ នារី ៨ មិនា ឆ្នាំ ២០២៥ និង ជាការបំផុតគំនិតឱ្យមនុស្សគ្រប់រូបដែលជាកោសិកាសង្គមពិសេសមនុស្ស វ័យចាស់ រួមគ្នាលេងកីឡាដើម្បីសុខភាព និង រួមគ្នាការពារសុខសន្តិភាពដែលកម្ពុជាមាន បច្ចុប្បន្ន ដែល ជា សមិទ្ឋផលកើតចេញពីការលះបង់ដ៏ ធំធេងរបស់សម្តេច តេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព យក អាយុជីវិតខ្លួនធ្វើជាដើមទុន ឱ្យបានស្ថិតស្ថេរនិងរួមគ្នាប្រឆាំងដាច់ខាតសង្គ្រាមនិង គម្រោងទាំងឡាយណាដែលបញ្ឆេះសង្គ្រាម និងបង្កអសន្តិសុខនានាក្នុងសង្គម ។
ដើម្បីសាមគ្គីភាពមិត្តភាពភាតរភាព និងទំនាក់ទំនងល្អប្រសើរ និងរួមចំណែកជួយដល់ សហព័ន្ធ ផ្សព្វផ្សាយពីកីឡាប៉េតង់អូសទាញកីឡាករថ្នាលថ្មី ឱ្យងាកមកលេងកីឡាបញ្ចៀសការប្រើប្រាស់គ្រឿង ញៀន និងអំពើអប្បាយមុខផ្សេងៗនៅក្នុងសង្គមផងដែរ។
ឯកឧត្តម វ៉ាត់ ចម្រើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ឯកឧត្តម សុខ សូកាន បានគាំទ្រពេញទំហឹងដូចគ្នា ចំពោះ ក្លឹបកីឡាប៊ូល និង ប៉េតង់ សន្តិភាពវ័យចាស់ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សោម ចិន ដោយចាត់ទុកការប្រកួត កីឡាប៊ូល និងប៉េតង់ សន្តិភាពវ័យចាស់ នៅថ្ងៃនេះ ជាព្រឹត្តិការណ៍គំរូមួយរួមចំណែកដល់ការលើកកម្ពស់កីឡាជាតិ ថែរក្សាសុខភាព សាមគ្គីភាព និង រួមចំណែកក្នុងការ ផ្សព្វផ្សាយកីឡាប៉េតង់កម្ពុជាអោយបានទូលំទូលាយ ទាក់ទាញយុវជនអោយងាកមកលេងកីឡាជៀស ឆ្ងាយបញ្ហាអប្បាយមុខផ្សេងៗ រួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង សន្តិភាព ដែលកម្ពុជាបច្ចុប្បន្ន អោយបានគង់រង្សផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ






