ផលិតកម្មចិន X Media ដាក់ទុនវិនិយោគផលិតខ្សែភាព​យន្ត​ខ្នាត​ធំ ដើម្បីផ្សព្វផ្សាយលើកស្ទួយពីទំនាក់ទំនងល្អ​រវាង​វប្បធម៌​ចិន-កម្ពុជា

(ភ្នំពេញ)៖ ផលិតកម្មចិន X Media បានសម្ភោធការចាប់ផ្តើម ផលិតខ្សែ ភាពយន្តខ្នាតធំមួយរបស់ខ្លួននៅដើមឆ្នាំ២០២៥នេះ ដែលនឹងជួយផ្សព្វផ្សាយលើកស្ទួយដល់ទំនាក់ទំនងវប្បធម៌រវាងចិន និងកម្ពុជា ។ ពិធីសម្ពោធការថតភាពយន្តខ្នាតធំ គឺរឿង “អ្នកឆ្លងកាត់សួនតារា” បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារដ៏ទំនើបមួយកន្លែង ក្នុងខណ្ឌសែន​សុខ រាជាធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីលោក Wen Xin វិន ស៊ីន CEO នៃផលិតកម្ម X Media រួមជាមួយនឹងក្រុម​ផលិតករ និងតារាសម្តែងចិន និងកម្ពុជាជាច្រើនរូប ដែលសុទ្ធ​សឹងតែជាអ្នកដែលមានបទពិសោធន៍ក្នុងការដឹកនាំរឿង និងសម្តែងយ៉ាងក្រាស់ក្រែល ។

សម្រាប់ការផលិតរឿងនេះឡើង ត្រូវបានគេបញ្ជាក់ថា បានចូល​រួម​សហការពីក្រុមហ៊ុនធំៗរបស់ចិនជាច្រើនដូចជា ក្រុមហ៊ុន​អេ​ឡិច​ត្រូនិច សាវមី, ក្រុមហ៊ុនរថយន្តអគ្គិសនី BYD និង​ស្ថាប័ន​ជា​ច្រើនទៀត ដែលសហការអភិវឌ្ឍន៍​រួមគ្នាដាក់ទុនក្នុងការផលិត ។

ដោយឡែកសម្រាប់រយៈពេលនៃការថតរឿងនេះឲ្យចប់សព្វគ្រប់ គឺ X Media នឹងប្រើរយៈពី ២-៣ ខែ ។

នៅជាមួយគ្នានោះដែរ លោក វិន ស៊ីន Wen Xin បានបញ្ជាក់​ថា លោកមិន​អ្វីរំពឹងអ្វីច្រើនទេ បើទោះបីរឿងនេះមានការរកចំ​ណូល​តាមរយៈការលក់សំបុត្រក៏ដោយ ហើយបើមានការ​គាំទ្រ​ទិញច្រើន ឬតិច ក៏មិនសំខាន់ដែរសំរាប់លោក ប៉ុន្តែអ្វីដែល​សំ​ខាន់ គឺលោកបានធ្វើឲ្យវប្បធម៌ជាតិចិន និងជាតិខ្មែរ បានរួបរួម​គ្នា​ឲ្យនិងថ្កុំថ្កើងរីកចម្រើនព្រមជាមួយគ្នា ។

លោកមានក្តីសង្ឃឹមថា ក្រោយពេលរឿងមួយនេះបានចាក់​ផ្សាយ​រួច ទស្សនិកជនទាំងអស់ នឹងទទួលបានអារម្មណ៍មួយ​នៃការយល់ដឹងបន្ថែមអំពីវប្បធម៌ និងវិស័យទេសចរណ៍នៅ​កម្ពុជា ហើយលោកចង់ឲ្យវិស័យទេសចរណ៍នៅកម្ពុជា​មាន​ការកើនឡើងផងដែរ។

លោកបន្ថែមទៀតថា ចំពោះរឿងខ្នាត​ធំមួយនេះ ក្រោយការ​ថត​ចប់ នឹងមានការដាក់បញ្ចាំងនៅតាម​រោងកុន នៅទីក្រុងតៃវ៉ាន និងនៅកម្ពុជាក៏រៀបចំចាក់បញ្ចាំង​នៅតាមរោងកុនផងដែរ ដោយ​ឡែក​នៅក្នុងប្រទេសចិនវិញ នឹងមានផ្សាយនៅតាម platform ជាច្រើនដូចជា យូឃូ Youku អាយឈីអ៊ី Iqiyi និងបណ្តាញទំនាក់ទំនងសង្គមល្បីៗ​ជាច្រើនទាំងអស់​នៅប្រ​ទេសចិន និងក៏នៅមានចាក់ផ្សាយ​នៅលើ Instagram និង Youtube ផងដែរ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វ៉េង លឹមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner