គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ ភ្លូកទឹក ភ្លូកដី ពីប្រជាជន
(កណ្តាល)៖ ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន ៩២២ នាក់ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅស្រុកពញាឮ ខេត្តកណ្តាល លោកបណ្ឌិត កែវ បេងវឌ្ឍន៍ អនុប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំភ្នំបាត ឃុំផ្សារដែក និងឃុំវិហារលួង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ ភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋ ។
សមាជិកគណបក្សថ្មីទាំង ៩២២នាក់នេះមកពី ៖ ឃុំវិហារលួង ២៦៩នាក់ (ស្រី ១១១នាក់) ឃុំផ្សារដែក ៣០៨នាក់ (ស្រី ១៥៩នាក់) និងឃុំភ្នំបាត ៣៤៥នាក់ (ស្រី ១៩៦នាក់) ដែលភាគច្រើនជាយុវជនទើបគ្រប់អាយុ និងបានចុះឈ្មោះបោះឆ្នោតរួចរាល់ ហើយក្រៅពីនេះ មានសមាជិកដែលជាអតីត សកម្មជនគណបក្សផ្សេង ២៥នាក់ (ស្រី ១៣នាក់) ។
លោកបណ្ឌិត កែវ បេងវឌ្ឍន៍ គូសបញ្ជាក់ពីសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្រេចបាន សម្រាប់បុព្វហេតុនៃការកសាងសន្តិភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជារួមមាន ៖
១.បានរំដោះទឹកដីនិងប្រជាជនកម្ពុជា ចេញពីបនប្រល័យពុជសាសន៍ ប៉ុល ពត ទប់ស្កាត់របបវាលពិឃាត សាហាវយង់ឃ្នងនេះ មិនឲ្យវិលត្រឡប់មកជាលើកទី២ ជាដាច់ខាត ទោះជាត្រូវបង់ដោយតម្លៃណាក៏ដោយ ។
២. បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំនោះ ត្រវបានបនប្រល័យពូជសាសន៍ ប៉ុល ពត បានកំចាត់ចោល ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃរបស់ពួកវា។
៣. បានស្តារនិងកសាងប្រទេសឡើងវិញពីបាតដៃទទេ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិ ជាបណ្តើរៗ រហូតមានការរីកចម្រើនគ្រប់វិស័យ ដូចដែលយើងទាំងអស់គ្នា បានឃើញ និងទទួលស្គាល់។
៤. បានធ្វើជាកម្លាំងស្នូលក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។
៥. សម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង ការបង្រួបបង្រួមទឹកដី ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជា នូវសុខសន្តិភាពពេញនៅកម្ពុជា ដោយនយោបាយឈ្នះ-ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
និង៦. រាជរដ្ឋាភិបាលនៃអ្នកបន្ដវេន បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ជូនជាតិ និងប្រជាពលរដ្ឋ ពិសេសបន្ដរក្សាបាននូវសុខ សន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។
បណ្ឌិត កែវ បេងវឌ្ឍន៍ ក៏បានផ្តាំផ្ញើដល់សមាជិកគណបក្សថ្មីផងដែរ .ត្រូវគោរពតាមលក្ខន្តិកៈរបស់គណបក្ស និងត្រៀមខ្លួនជាដរាប ក្នុងការចូលរួមសកម្មភាពនានារបស់គណបក្ស ជាពិសេស គឺការទៅបោះឆ្នោតគ្រប់ពេលទាំងអស់ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ពោលគឺ សមាជិកម្នាក់ ត្រូវជាសម្លេងគាំទ្រមួយសន្លឹក. សិក្សាស្វែងយល់ពីបុព្វហេតុ ពីប្រវត្តិ ពីនយោបាយ និង ពីស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា តាមមធ្យោបាយដ៏សម្បូរបែបដែលមានសព្វថ្ងៃ (Facebook, tick tok, TV ជាដើម). កូន ក្មួយ ចៅៗ គឺយុវជនដែលជាកម្លាំងបន្តវេនគណបក្សទៅថ្ងៃមុខ ។. សមាជិកគណបក្សទាំងអស់, ត្រូវចូលរួមដោះស្រាយ និងកែលម្អបញ្ហាខ្វះចន្លោះនានា ព្រមទាំងត្រូវខិតខំបម្រើប្រជាជនឱ្យបានល្អ ។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងបក្ស ដោយគ្មានការរើសអើង ។
ខិតខំការពារគណបក្ស និងធ្វើការវាយបកទៅកាន់ពួកប្រឆាំង និងពួកអគតិដែលតែងតែចិញ្ចឹមចិត្ត និងរិះរកគ្រប់មធ្យោបាយ ដើម្បីវាយប្រហារគណបក្សប្រជាជនកម្ពុជា តាមគ្រប់រូបភាព។ ការពារគណបក្សប្រជាជនកម្ពុជា គឺជាការការពារយុត្តិធម៌ និងការពារការអភិវឌ្ឍ។ ក្រុមការងារគណបក្សចុះមូលដ្ឋានទាំងបីឃុំ នៅជាមួយបងប្អូនយើងទាំងអស់គ្នា។ យើងរួមសុខរួមទុក្ខជាមួយគ្នា ៕
ប្រភព ៖ ព័ត៌មានខេត្តកណ្តាល







