លោក ត្រាំ បន្ថែមទាហានកើនដល់ ៩.០០០ នាក់ ពង្រឹងសន្ដិសុខនៅព្រំដែនម៉ិកស៊ិក
វ៉ាស៊ីនតោន ៖ រដ្ឋបាលមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះនិយាយថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយទាហានជិត ៣.០០០ នាក់បន្ថែមទៀតទៅកាន់ព្រំដែនជាមួយម៉ិកស៊ិក ធ្វើឱ្យចំនួនទាហានសរុបមានវត្តមាននៅទីនោះ កើនឡើងដល់ទៅ ៩.០០០ នាក់។
ចំណាត់ការនេះធ្វើតាមបបញ្ជាប្រតិបត្តិពីលោកប្រធានាធិបតី ត្រាំ ដែលដឹកនាំយោធាឲ្យចាត់វិធានការចាំបាច់ ដើម្បីបញ្ឈប់អ្វីដែលគាត់បានពិពណ៌នាថា ជាការឈ្លានពានៃជនអន្តោប្រវេសន៍ខុសច្បាប់។
សន្តិសុខព្រំដែន គឺជាអាទិភាពសំខាន់សម្រាប់លោក ត្រាំ ដែលបានប្រកាសភាពអាសន្នជាតិនៅព្រំដែនអាមេរិកជាមួយម៉ិកស៊ិក នៅថ្ងៃដំបូងដែលគាត់ចូលកាន់តំណែង។
ការដាក់ពង្រាយទាហានចុងក្រោយនេះ មានទាហាន ២.៤០០នាក់មកពីក្រុមប្រយុទ្ធនៃកងពលតូច Stryker និងបុគ្គលិក ៥០០នាក់មកពីកងពលតូចអាកាសចរណ៍។
កងកម្លាំងដែលត្រូវបានតែងតាំងថ្មី ត្រូវបានរំពឹងថា នឹងទៅដល់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីពង្រឹងសន្តិសុខតាមព្រំដែន និងការពារបូរណភាពទឹកដីរបស់អាមេរិក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា