អង់គ្លេស និងបារាំង គាំទ្រអ៊ុយក្រែនឆ្ពោះទៅបញ្ចប់សង្គ្រាមលោក Putin
ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និយាយថា អង់គ្លេស-បារាំង នឹងគាំទ្រ ហើយធ្វើការជិតស្និទ្ធជាមួយអ៊ុយក្រែនលើផែនការមួយ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជាមួយកងកម្លាំងរុស្ស៊ីរបស់លោកប្រធានាធិបតី Putin។
លោក Starmer បានប្រាប់ទូរទស្សន៍ BBC នៅថ្ងៃអាទិត្យថា អង់គ្លេស-បារាំង រួមទាំងប្រទេសធំៗ
មួយ ឬពីរផ្សេងទៀត នឹងធ្វើការជាមួយអ៊ុយក្រែនលើផែនការមួយ ដើម្បីបញ្ចប់សង្គ្រាមលោក Putin ហើយបន្ទាប់មកយើងនឹងពិភាក្សាអំពីផែនការនោះ ជាមួយសហរដ្ឋអាមេរិក។
មេដឹកនាំអង់គ្លេសរូបនេះ បានសង្កត់ធ្ងន់ទៀតថា គ្មាននរណាម្នាក់ចង់ឃើញ ឈុតឆាកនៃការឈ្លោះប្រកែកគ្នានៅសេតវិមានរវាងលោក Trump និងលោក Zelensky នោះទេ ហើយខ្ញុំច្បាស់នៅក្នុងចិត្តរបស់ខ្ញុំថា លោកប្រធានាធិបតី Trump ចង់បានសន្តិភាពយូរអង្វែង។
ការអត្ថាធិប្បាយរបស់លោក Starmer ធ្វើឡើងនៅពេលដែលអង់គ្លេសធ្វើជាម្ចាស់ផ្ទះស្វាគមន៍លោក Zelensky និងមេដឹកនាំអឺរ៉ុបផ្សេងទៀតនៅថ្ងៃអាទិត្យ សម្រាប់កិច្ចប្រជុំកំពូលមួយ ស្តីពីសង្គ្រាមជាង ៣ឆ្នាំរវាងអ៊ុយក្រែន-រុស្ស៊ី ដែលកំពុងបង្កការភ្ញាក់ផ្អើលទូទាំងពិភពលោក ក្រោយមានការឈ្លោះប្រកែកគ្នាតឹងសរសៃករវាងលោក Trump និងលោក Zelensky នៅសេតវិមាន៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា