ប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់ស្រង់ទិន្នន័យ និងស្ថិតិកីឡា នឹងជួយឱ្យការរៀបចំព្រឹត្តិការណ៍កីឡាកាន់តែសុក្រិតនិងងាយស្រួលក្នុងការគ្រប់គ្រង

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា វគ្គបណ្តុះបណ្តាលការប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់ស្រង់ទិន្នន័យ និងស្ថិតិកីឡា ដែលរៀបចំដោយនាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា បានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះមន្រ្តីដឹកនាំនិងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានានា។ព្រោះបច្ចកវិទ្យាការប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់ស្រង់ទិន្នន័យ និងស្ថិតិកីឡា បានផ្តល់ជូននូវព័ត៌មានសុក្រិត និងមានភាពងាយស្រួលក្នុងការគ្រប់គ្រង ។

រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែង គូសបញ្ជាក់បែបនេះ ក្នុងពីធីបើកវគ្គបណ្តុះបណ្តាលការប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់ស្រង់ទិន្នន័យ និងស្ថិតិកីឡា នាព្រឹកថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០២៥ នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន ក្នុងពហុកីឡដ្ឋានជាតិ ។

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ជារួម ការធ្វើសមាហរណកម្មនៃបច្ចេកវិទ្យាព័ត៌មាន នៅទូទាំងឧស្សាហកម្មផ្សេងៗ គឺជាសក្ខីភាពមួយចំពោះសារៈសំខាន់របស់វាក្នុងការបង្កើនប្រសិទ្ធភាព ផលិតភាព និងការផ្តល់សេវាកម្ម។ នៅពេលដែលបច្ចេកវិទ្យាបន្តរីកចម្រើន វាត្រូវបានគេរំពឹងថាភាគរយនៃបុគ្គលដែលប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា នឹងកើនឡើង ដែលធ្វើឱ្យការផ្លាស់ប្តូរទិដ្ឋភាពនៃឧស្សាហកម្មពិភពលោកបន្ថែមទៀត។ ការយល់ដឹងអំពីនិន្នាការទាំងនេះគឺចាំបាច់សម្រាប់អ្នកពាក់ព័ន្ធដែលមានគោលបំណងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការរីកចម្រើន និងការច្នៃប្រឌិត។ ជាពិសេស សម្រាប់ការប្រមូល និងវិភាគទិន្នន័យ និងស្ថិតិកីឡា។ ដោយសារឧស្សាហកម្មកីឡាពឹងផ្អែកកាន់តែខ្លាំងឡើងលើការសម្រេចចិត្តដែលជំរុញដោយទិន្នន័យ ការយល់ដឹងពីរបៀបប្រមូលផ្តុំ គ្រប់គ្រង និងបកស្រាយទិន្នន័យកីឡាប្រកបដោយប្រសិទ្ធភាព បានក្លាយជាកត្តាចាំបាច់សម្រាប់អត្តពលិក គ្រូបង្វឹក អ្នកវិភាគ និងអង្គការកីឡា។

ឯកឧត្តម បានថ្លែងអំណរគុណ ដល់នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា ដែលបានមើលឃើញពីគុណតម្លៃ នៃការប្រើបច្ចេកវិទ្យាទំនើបក្នុងប្រតិបត្តិការការងារ និងបានរៀបចំឱ្យមានវគ្គនេះ ដើម្បីដុសខាត់ចំណេះជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា បន្ថែមទៀតសម្រាប់មន្រ្តីតាមអង្គភាពទាំងអស់ចំណុះអគ្គនាយកដ្ឋានកីឡា។ ក្នុងនោះផងដែរសូមមន្រ្តីជាសិក្ខាកាមទាំងអស់ ត្រូវខិតខំត្រងត្រាប់ និងកត់ត្រានូវចំណុចល្អៗដែលគ្រូឧទ្ទេសបានពន្យល់ និងណែនាំ ដើម្បីជាគុណប្រយោជន៍សម្រាប់ខ្លួនឯងផង និងដើម្បីបង្កើនប្រសិទ្ធភាព គុណផលការងារតាមអង្គភាពរបស់ខ្លួន ស្របតាមការវិវឌ្ឍន៍នាយុគសម័យឌីជីថល។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយនាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា ហើយមានសិក្ខាកាមចូលរួមមានចំនួន ៦០នាក់ (ស្រី០៩នាក់) មានគោលបំណងដើម្បីស្វែងយល់ពីដ្ឋានគ្រឹះការបង្កើតឧបករណ៍ក្នុងការកំណត់ប្រភេទនៃការចងក្រងទិន្នន័យ និងការសរសេរកម្រងសំណួរសម្រាប់ការចុះស្រង់ស្ថិតិ ក្នុងបរិបទការធ្វើការងារដោយប្រើបច្ចេកវិទ្យាទំនើប ជាពិសេសទំនាក់ទំនង និងការគ្រប់គ្រងការងារ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner