សង់កុដិមួយខ្នងប្រគេនព្រះសង្ឃវត្តស្រែវាលខាងកើត ឃុំដងកាំបិត
កំពង់ធំ៖ដោយមើលឃើញពីកង្វះខាតសម្រាប់ព្រះសង្ឃ គង់នៅវត្តបទុមសាគរ ហៅ វត្តស្រែវាលខាងកើតស្ថិតនៅក្នុងឃុំដង កាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ឯកឧត្តម សោម ស៊ុន អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក សណ្ដាន់ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត និងសហការីកាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសីលាសាងសង់កុដិមួយខ្នងប្រគេនព្រះសង្ឃគង់នៅវត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើត។
បច្ច័យសាងសងកុដិនេះបានមកពីការចូលរួមរបស់ពុទ្ធបរិស័ទចំណុះជើងវត្តនិងក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ។
លោក វង់ យ៉ុល គណៈកម្មការអាចារ្យវត្ត តំណាងព្រះតេជគុណ ជុំ ម៉ុត ព្រះគ្រូចៅអធិការវត្ត បានឱ្យដឹងពីគម្រោងសាងសង់កុដិ ធ្វើបេតុងប្រក់ក្បឿងតាមរចនាបថខ្មែរទំហំ៩៦ ម៉ែត្រការ៉េ និងបានអគុណឯកឧត្តម សោម ស៊ុន ព្រមទាំងក្រុមការងារ ដែលបានចួលរួមប្រគេន ទេយ្យទាន ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្រាប់ចង្ហាន់ព្រះសង្ឃ និង ឥដ្ឋប្រហោង៥ ០០០ ដុំ និងថវិកាមួយចំនួនសាងសង់កុដិមួយខ្នងនេះ ។
ចំណែកឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា វិស័យអាណាចក្រនិងពុទ្ធចក្រមាន ការរីកចម្រើន។ បច្ចុប្បន្ននៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានវត្តអារាមជាង ៥ ០០០ វត្ត និងមានព្រះសង្ឃគង់នៅជាង ៧ ម៉ឺនអង្គ ដែលជាទីគោរពបូជារបស់ពុទ្ធសាសនិកជន ដែលគោរពប្រតិបត្តិក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ៕
ដោយ៖ ប៊ុន រដ្ឋា