ប្រមុខការទូតកម្ពុជា៖ ក្នុងប៉ុន្មានឆ្នាំតទៅមុខ ការប្រកួតប្រជែងខាងភូមិសាស្ត្ររវាងមហាអំណាចធំៗនឹងដាក់សម្ពាធដោយផ្ទាល់ ឬដោយប្រយោល លើប្រទេសអំណាចកណ្តាល ឬតូចតាច ដូចកម្ពុជាយើងជាមិនខាន

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំតទៅមុខ ការប្រកួតប្រជែងខាងភូមិសាស្ត្រ នយោបាយ សេដ្ឋកិច្ច យុទ្ធសាស្ត្រ រវាងមហាអំណាចធំៗនៅលើលោក នឹងកំណត់អំពីការប្រែប្រួលនៃ ស្ថានការណ៍តំបន់ និងពិភពលោក ហើយក៏នឹងដាក់សម្ពាធដោយផ្ទាល់ ឬដោយ ប្រយោល លើប្រទេសអំណាចកណ្តាល ឬតូចតាច ដូចកម្ពុជាយើងជាមិនខាន។ ការបញ្ជាក់នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបន្តថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់យើង នឹងនៅតែជាមជ្ឈមណ្ឌលនៃការដណ្តើម ឧត្តមភាព ឥទ្ធិពល និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម និងជាទី តាំងនៃភាពតានតឹងជាច្រើនដោយសារតែសារៈសំខាន់នៃតំបន់នេះ ទាំងផ្នែកសេដ្ឋ កិច្ច ពាណិជ្ជកម្ម យុទ្ធសាស្ត្រ នយោបាយ និងការតភ្ជាប់ ពិសេសខាងផ្លូវសមុទ្រ។ ស្ថិតនៅកណ្តាលនៃការលំបាក និងការប្រឈមដ៏មហាសាលទាំងនេះ តើកម្ពុជានឹង ត្រូវដើរលើផ្លូវណា បត់បែនយ៉ាងដូចម្តេច ជំនះ គេចឧបសគ្គ និងអន្ទាក់ណាខ្លះ ឆក់យកឱកាសណា ហើយខិតខំប្រឹងប្រែងយ៉ាងណា លើវិស័យអ្វីខ្លះ និងតាម របៀបណា ដើម្បីរក្សាការពារផលប្រយោជន៍គោលរបស់ជាតិយើង? ទាំងនេះជា សំណួរខ្លះ ដែលអង្គសន្និបាតរបស់យើងនឹងខិតខំជជីកសួរ ស្វែងយល់ រកហេតុផល រកវិធីដោះស្រាយ និងរកចម្លើយឲ្យបានក្នុងការពិគ្រោះ ពិភាក្សាគ្នារយៈពេលពីរថ្ងៃនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ខណៈពេលដែលយើងខិតខំផ្តោតការយកចិត្តទុកដាក់លើកិច្ចការអន្តរជាតិដ៏ស្មុគស្មាញនេះ យើងក៏មិនត្រូវភ្លេចពីការដ្ឋានកំណែទម្រង់ស្ថាប័នទាំងក្នុងក្រសួង និងនៅតាមបណ្តាស្ថានបេសកកម្មនៅបរទេសនោះដែរ។ កន្លងមក កំណែទម្រង់ ផ្ទៃក្នុងបាននាំមកនូវផ្លែផ្កាជាច្រើនគួរជាទីមោទនៈ ដូចជា ការកែលម្អលក្ខខណ្ឌ ការងារ ការលើកកម្ពស់សមភាព ភាពថ្លៃថ្នូររបស់មន្ត្រី បុគ្គលិកយើង ការលើក កម្ពស់សមត្ថភាព វិជ្ជាជីវៈ ភាពសកម្ម និងស្មារតីស្នេហាជាតិ ព្រមទាំងបានគិតគូរ ដល់ការកែលម្អ ជីវភាពរបស់មន្ត្រី បុគ្គលិកយើងឱ្យបានសមរម្យ។

យ៉ាងណាក៏ ដោយ ការធ្វើកំណែទម្រង់ទាំងនេះ ជាការងារដែលយើងត្រូវធ្វើជាប្រចាំ និងចេះ បត់បែនទាំងខាងចំណេះដឹង ការក្តាប់សភាពការណ៍ និងការយល់ដឹងពីការប្រឈម ដែលត្រូវជំនះ ឱ្យស្របទៅតាមការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិន្នាការពិភពលោក។ យើងនឹងធ្វើការពិភាក្សា និងរិះរកវិធានការចាំបាច់នានា ដើម្បីប្រែក្លាយក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអ្នកការទូតរបស់យើង ទៅជាសេនាធិការពិតៗរបស់រាជរដ្ឋាភិបាល ដើម្បីដើរតួនាទីជាទ័ពជួរមុខលើសមរភូមិការទូត ក្នុង បេសកកម្មការពារប្រយោជន៍ប្រទេសជាតិ និងប្រជាជនយើងនៅលើឆាកអន្តរជាតិ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner