ខេត្តកណ្តាល រៀបចំការប្រកួតកីឡាប៊ូលនិងប៉េតង់ ដើម្បីអបអរសាទរសិទ្ធិនារី និងចូលរួមលើកកម្ពស់វិស័យកីឡានារី
(កណ្តាល)៖ ការរិយាល័យនិងកីឡានៃមន្ទីរអប់រំយុវជន និងកីឡា ខេត្ត កណ្តាល បានរៀបចំការប្រកួតកីឡាប៊ូលនិងប៉េតង់ អបអរសាទរខួបលើកទី១១៤ ទិវាសិទ្ធិនារី៨មីនា ឆ្នាំ២០២៥ ដែលការប្រកួតបានដំណើរការរយៈពេល២ថ្ងៃ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត កណ្តាល ។
លោក ពៅ វណ្ណា ប្រធានការិយាល័យនិងកីឡាខេត្ត កណ្តាល មានប្រសាសន៍ថា ការប្រកួតកីឡាប៊ូលនិងប៉េតង់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ បញ្ចប់ថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២៥នេះ មានការចូលរួមពីកីឡាករកីឡាការិនីចំណុះឱ្យមន្ទីរអប់រំយុវជននិងកីឡាចំនួន១៣ ក្នុងនោះមានសមាសភាពមន្រ្តីមានប្រធាន អនុប្រធានមន្ទីរ និងមន្រ្តីការិយាល័យ ដើម្បីប្រជែងដណ្តើមជើងឯក ប្រចាំឆ្នាំ២០២៥។
ប្រធានការរិយាល័យកីឡា បានគូសបញ្ជាក់ទៀតថា ការប្រកួតកីឡាប៊ូល និងប៉េតង់រយៈពេល២ថ្ងៃនេះ បានរៀបចំឡើង ដោយផ្តោតលើគោលបំណងធំៗចំនួន២ គឺ ទី១ .ចម្រាញ់យកមន្រ្តីរបស់មន្ទីរឆ្នើមៗដែលជាការប្រកួតផ្ទៃក្នុង ដើម្បីត្រៀមចូលរួមក្នុងការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡានាពេលខាងមុខ និង ទី២. ដើម្បីចូលរួមអបអរសាទរខួបលើកទី១១៤ ទិវាសិទ្ធិនារី៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទនារីត្រូវចេះលេងកីឡា។ទន្ទឹមជាមួយគ្នានេះដែរ លោក ពៅ វណ្ណា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅជូនចំពោះ លោក ឧកញ៉ា សំ អាងវឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ឯ.ក ដែលបានឧបត្ថម្ភភេសជ្ជៈ អាវយឺត និងថវិកា ជាការរួមចំណែកលើកកម្ពស់វិស័យកីឡានៅក្នុងខេត្តកណ្តាល។
ដោយឡែក លោក ស្រី ឃួន សុខម អនុប្រធានមន្ទីរអប់រំយុវជននិងកីឡា បានចាត់ទុកការប្រកួតកីឡាប៊ូលនិងប៉េតង់ ដែលរៀបចំដោយ ការិយាល័កីឡា ក្រោមការគាំទ្រពី មន្ទីរអប់រំយុវជននិងកីឡារយៈពេល២ថ្ងៃនេះ គឺជាសក្ខីភាពមួយដែលបានបង្ហាញអំពីមិត្តភាពសាមគ្គីភាព ពិសេស គឺបង្ហាញលើកកម្ពស់តម្លៃស្រ្តី មានន័យថា ស្រ្តីក៏អាចធ្វើការងារគ្រប់បែបយ៉ាងដូចបុរសបានដែរ។ម្យ៉ាងវិញទៀតការប្រកួតនេះ ក៏ជាសារបំផុសបង្ហាញឱ្យស្រី្តទូទាំងខេត្ត ងាកមកចាប់អារម្មណ៍ចូលលេងកីឡា កីឡាជួយសុខភាព និងកីឡាជួយសង្គម។
សូបញ្ជាក់ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ដំណើររយៈពេល២ថ្ងៃនេះ មាន២វិញ្ញាសា មានដូចជា វិញ្ញាប្រកួត២ទល់និង២ ចម្រុះបុរសនារី និងវិញ្ញាសាប្រកួត៣ទល់និង៣ចម្រុះបុរសនារី ការប្រកួតបែងចែកចេញជា៤ពូល ដោយពូលខ្លះមាន៣ក្រុមនិងពូលខ្លះមាន៤ក្រុម ធ្វើការប្រកួតតាមរូបមន្តជម្រុះក្នុងពូល៕





ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធ