រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះអនុស្សរណៈយោគយល់គ្នាដើម្បីជួយប្រជាជនដែលមានវិវាទ
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបដែលមានឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក)កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ពីកិច្ចសហប្រតិបត្តការ សម្រុះសម្រួល ផ្សះផ្សាវិវាទ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានពណ៌នាលើអនុស្សរណៈនេះថា ជាយន្តការមួយទៀតដើម្បីបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបច្ចុប្បន្នក្នុងខេត្តសៀមរាប និងចូលរួមអនុវត្តតាមគោលនយោបាយកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ដើម្បីធានាបានសុខដុមរមនាក្នុងសង្គមជាតិ ពិសេសសម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តសៀមរាប។

ចំណែកឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការសម្របសម្រួលបន្ថែមទៅលើប្រព័ន្ធដោះស្រាយវិវាទដែលមានស្រាប់។ ជាការជួយឱ្យប្រជាពលរដ្ឋមានជម្រើសសម្រាប់ការដោះស្រាយវិវាទក្នុងសហគមន៍ ដោយផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះ ជៀសវាងការចំណាយពេលវេលា។អនុស្សរណៈក៏ជាផ្នែកមួយនៃការអនុវត្តទិសដៅនិងចក្ខុវិស័យនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕
ដោយ៖ប៊ុន រដ្ឋា


