អង់គ្លេសឱ្យលោក Zelensky ២ ពាន់លានដុល្លារ ទិញមីស៊ីល ៥ ពាន់គ្រាប់

ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅថ្ងៃអាទិត្យ បានជួបមេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី ហើយបានប្រកាសពីកិច្ចព្រមព្រៀងថ្មីមួយ មានតម្លៃប្រមាណ ២ ពាន់លានដុល្លារ ដែលនឹងអនុញ្ញាតឱ្យអ៊ុយក្រែន ទិញមីស៊ីលការពារដែនអាកាសចំនួន ៥.០០០ គ្រាប់ ដោយប្រើហិរញ្ញវត្ថុនាំចេញ។

កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីរុស្ស៊ីថ្មីៗនេះបានបញ្ចេញយន្តហោះដ្រូនជាង ២០០ គ្រឿង វាយប្រហារនៅពេលយប់ដ៏បំផ្លិចបំផ្លាញមួយ ជាអ្វីដែលអ៊ុយក្រែននិយាយថា ជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីការចាប់ផ្តើមសង្រ្គាមឈ្លានពានកាលពី ៣ ឆ្នាំមុន។

មេដឹកនាំអង់គ្លេស លោក Starmer បានប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ៍ថា កិច្ចព្រមព្រៀងនេះ នឹងមានសារៈសំខាន់ណាស់សម្រាប់ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែនក្នុងពេលបច្ចុប្បន្ន ហើយក៏នឹងជួយពង្រឹងប្រព័ន្ធការពារអ៊ុយក្រែន នៅពេលមានការធានាសន្តិភាពមកដល់។

ផ្អែកតាមក្រសួងការពារជាតិអង់គ្លេស បានឱ្យដឹងថា ក្រុមហ៊ុនផលិតសព្វាវុធ Thales នឹងផលិតមីស៊ីលទម្ងន់ស្រាលពហុមុខងារសម្រាប់អ៊ុយក្រែន ដោយ Thales បាននិយាយថា មីស៊ីលទាំងនោះមានរយៈចម្ងាយលើសពី ៦គីឡូម៉ែត្រ ហើយពួកវាអាចបាញ់ចេញពីជើងទម្រជាច្រើនប្រភេទផ្សេងគ្នា ទាំងនៅលើដី សមុទ្រ និងអាកាស៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner