ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ ប្រជាពលរដ្ឋ បានងាកមកប្រើប្រាស់ សេវាសុខាភិបាលសាធារណៈនាពេលបច្ចុប្បន្ន មានចំនួនច្រើន បើប្រៀបធៀបសេវាទាំងរដ្ឋ និង ឯកជន
(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានកត់សម្គាល់ឃើញថា សេវាសាធារណៈនាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋ បានងាកមកប្រើប្រាស់មានចំនួនច្រើន បើប្រៀបធៀបសេវាទាំងរដ្ឋ និងឯកជន ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីឱ្យដឹងដែរថា សេវាសុខាភិបាលឯកជនមានប្រហែល១៣០ ឬ ១៤០ទីតាំង ក៏បានចាប់ផ្តើមចូលរួមជាមួយក្រសួងក្នុងការគាំពារសង្គមនេះតាមរយៈមូលនិធិសមធម៌ និង ប.ស.ស. ។ នេះបញ្ជាក់ថាពលរដ្ឋ មានការជឿទុកចិត្តជាខ្លាំង ។

រដ្ឋមន្ត្រីសុខាភិបាល មានប្រសាសន៍បែបនេះ ក្នុងសន្និសិទសារព័ត៍មានសន្និបាតក្រសួងសុខាភិបាល នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ។ ឯឧត្តម ឈាង រ៉ា បានគូសបញ្ជាក់ថា តាមរយៈការធ្វើអន្តរាគមន៍ សហប្រតិបត្តិការអន្តរវិស័យ ដែលមានការចូលរួមគាំទ្រជានយោបាយរួមពីក្រសួងពាក់ព័ន្ធទាំងអស់ ជាពិសេស ប្រព័ន្ធការគាំពារសុខភាពសង្គម ធ្វើឱ្យប្រជាពលរដ្ឋមានការជឿជាក់ ហើយចូលមកប្រើប្រាស់សេវាសុខាភិបាលរដ្ឋ ដែលស្ថិតនៅក្នុងលំនាំផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលបានដាក់ចេញ ។

ក្នុងសន្និសីទនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការចូលរួមពីបណ្តាក្រសួងពាក់ព័ន្ធនានានេះ សំដៅធ្វើយ៉ាងណា ឱ្យការចូលរួមគាំទ្រជានយោបាយសុខាភិបាលមួយដែលស្ថិតនៅក្រោមប្រតិបត្តិការ របស់ក្រសួងសុខាភិបាលពិតមែន ប៉ុន្តែអន្តរវិស័យពាក់ព័ន្ធបានចូលរួម ហើយធ្វើឱ្យទទួលបាននូវជោគជ័យ ក្នុងការប្រើប្រាស់សេវាសាធារណៈ ប្រកបទៅដោយប្រសិទ្ធភាព ។
បន្ថែមលើនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា លើកឡើងថា “កត្តាដែលទី១ ដែលនាំឱ្យមានការរីកចម្រើននេះ មានការ ការគាំពារសុខភាពសង្គម ដែលយើងឃើញថា មានមូលនិធិសមធម៌ មាន ប.ស.ស. ទាំងនេះហើយនាំឱ្យមានកត្តា ដែលធ្វើឱ្យប្រជាពលរដ្ឋ មានការជឿជាក់ ហើយចូលមកប្រើប្រាស់ នូវសេវាសុខាភិបាលយើង ដែលស្ថិតនៅក្នុងលំនាំគោលផែនការយុទ្ធសាស្ត្ររបស់ផែនទីបង្ហាញផ្លូវដែលរាជរដ្ឋាភិបាល បានដាក់ចេញ គឺថាការគ្រប់ដណ្តើបសុខភាពជាសកល ពី២០២៤ ដល់ ២០៣៥នេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការគ្នា រវាងក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងការងារ។ល។ ដែលយើងបានធ្វើឱ្យគ្រប់ដណ្តប់មកដល់ពេលនេះ គឺថា ៤៤%ហើយ យើងនិយាយជាលេខមូល ៤៤% នៅលើពលរដ្ឋនៅទូទាំងប្រទេស” ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា កំណើនការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មកលើសេវាសុខាភិបាលសាធារណៈ ជាពិសេសការគាំពារសង្គមនេះ កើតឡើងបានដោយសារអាស្រ័យទៅលើគុណភាព ដែលលោកចាត់ទុកថា គឺជាការយកចិត្តទុក ដាក់ជាសំខាន់របស់ក្រសួងសុខាភិបាល ដើម្បីបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ដែលអាចបើក ចំហរឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ដោយទូលំទូលាយ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
