ក្នុងឆ្នាំ២០២៥ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលកម្ពុជា គិតជាមធ្យមចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍
ភ្នំពេញ៖រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសឱ្យដឹងនៅ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះថា ជើងហោះហើរ តួកគីអ៊ែរឡាញ នឹងបើក ការហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញនៅចុងឆ្នាំ២០២៥នេះ ខណៈ ជើងហោះហើរ អ៊ែរមឺរ៉េតអ៊ែរ ឡាញ ក៏បានជំរុញ និងពង្រីកការហោះហើរមកកម្ពុជា ពីទីក្រុងឌូបៃទៅ ខេត្តសៀមរាប នាពាក់កណ្តាលឆ្នាំ២០២៥នេះដែរ។

ប្រភពដដែលបន្តថា ក្រោមកិច្ចសហការ និងការជំរុញបើកចំហជើង មេឃកម្ពុជា ក្នុងការទទួលយកភ្ញៀវជាតិ អន្តរជាតិ និងអ្នកធុរកិច្ច មកកាន់កម្ពុជាកាន់តែសកម្ម និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យ វែងឆ្ងាយរបស់ជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានបន្តពង្រីក និងលើកកម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា ដែលជាលទ្ធផលថ្មីសម្រេចបាន គឺ៖១. ជើងហោះហើរ តួកគីអ៊ែរឡាញ នឹងបើកការហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ នៅចុងឆ្នាំ២០២៥នេះ។ ២. ជើងហោះហើរ អ៊ែរមឺរ៉េតអ៊ែរឡាញ ក៏បានជំរុញ និងពង្រីកការហោះហើរមកកម្ពុជា ពីទីក្រុងឌូបៃទៅខេត្តសៀមរាប នាពាក់កណ្តាលឆ្នាំ២០២៥នេះ។

ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិត កម្ម យុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈពេលខ្លីនិងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេស ចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។
ជាលទ្ធផលក្នុងឆ្នាំ២០២៤កន្លងមក ការដឹកជញ្ជូនតាមផ្លូវអាកាស នៅកម្ពុជា បានសម្រេចដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសបានសរុបចំនួន ៦,២៤ លាននាក់ កំណើនប្រមាណ ២២ភាគរយ ទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើង កំណើន ១៤ភាគរយនិងដឹកទំនិញតាមផ្លូវអាកាសមានចំនួន ៧៧ ៨៥២ តោន ដែលមានកំណើន ៤០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិទាំងបី (ភ្នំពេញ ,សៀមរាប និងព្រះសីហនុ) បានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុងនិងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុន អាកាសចរណ៍ជាតិនិងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន។
ក្នុងឆ្នាំ២០២៤ កម្ពុជា ក៏បានសម្រេចលើការតភ្ជាប់ជើងហោះហើរជា ប្រតិ្តសាស្ត្ររវាងរាជធានីភ្នំពេញនិងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា និងការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត់ និងកាតា ដែលផ្សារភ្ជាប់ជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងឌុយប៉ៃ និងទីក្រុងដូហា។
ក្នុងឆ្នាំ២០២៥កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា គិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍ ដោយនៅក្នុងនោះ ជើងហោះហើរទ្វេទិស (Flight Movements) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ៩៤២ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។
បើប្រៀបធៀបចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ការហោះហើរទ្វេទិស (Flight Movements) មានការកើនឡើងប្រមាណជាង ៦០ជើង ក្នុងមួយសប្តាហ៍។ ក្នុងឆ្នាំ២០២៥នេះ កម្ពុជា ក៏រំពឹងទុកផងដែរ នឹងទទួល បានក្រុមហ៊ុនអាកាសចរណ៍ថ្មី ដូចជា ក្រុមហ៊ុនអាកាសចរណ៍ Indigo Airlines (ពីប្រទេសឥណ្ឌា) Etihad Airways (ពីប្រទេស អេមីរ៉េតអារ៉ាប់រួម) និង Turkish Airlines (ពីប្រទេសតួកគី) ព្រមទាំងការពង្រីកជើងហោះហើរថ្មីបន្ថែមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines (ពីប្រទេសអេមីរ៉េតអារ៉ាប់រួម) ទៅកាន់ខេត្ត សៀមរាប។
ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បើប្រៀបធៀបរវាងឆ្នាំ២០២៤ និងឆ្នាំ២០១៩ (មុនវិបត្តិជំងឺកូវីដ-១៩) កម្ពុជា បានសម្រេចបាន ៥៧ភាគរយ នៃការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស (២០១៩៖ ១១,០២៥លាននាក់, ២០២៤៖ ៦,២៤លាននាក់) ។ ជាមួយគ្នានេះ ការដឹកជញ្ជូនតាមផ្លូវអាកាស មានគោលដៅផងដែរ ដើម្បីចូលរួមអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ស្ថិតនៅក្នុងបញ្ចកោណទី២.ការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងការបង្កើនភាពប្រគួតប្រជែង និងមុំទី២.ការលើកកម្ពស់ ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល៕
ដោយ៖ម៉ាដេប៉ូ
រូបថត៖ឆេណែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
