រដ្ឋបាល Trump ពិចារណាដកទណ្ឌកម្មខ្លះៗ លើរុស្ស៊ី

បរទេស៖ សេតវិមានរបស់លោក Donald Trump បានបញ្ជាឱ្យក្រសួងពាក់ព័ន្ធ រួមទាំងក្រសួងរតនាគារ រៀបចំសំណើសម្រាប់ការបន្ធូរបន្ថយទណ្ឌកម្មមួយចំនួន លើប្រទេសរុស្ស៊ី នេះបើតាមការរាយការណ៍របស់ រយធឺ កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភព ដែលដឹងអំពីបញ្ហានេះ ហើយចុះផ្សាយដោយកាសែត RT នៅថ្ងៃអង្គារនេះ។

ប្រភពថា ផែនការនេះ នឹងស្របទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូត និងសេដ្ឋកិច្ច ជាមួយទីក្រុងម៉ូស្គូ និងជួយសម្រួលដល់ការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

ការបន្ធូរបន្ថយទណ្ឌកម្មដែលបានស្នើឡើង អាចរួមបញ្ចូល ទាំងអង្គភាព និងបុគ្គលរុស្ស៊ីជាក់លាក់ រួមទាំងអ្នកដឹកនាំអាជីវកម្មមួយចំនួនផងដែរ។ ប្រភពបានប្រាប់ រយធឺ ថា បញ្ជីនេះ នឹងត្រូវបានពិភាក្សាជាមួយអ្នកតំណាងរុស្ស៊ី នៅប៉ុន្មានថ្ងៃខាងមុខ ដែលជាផ្នែកនៃកិច្ចពិភាក្សាទូលំទូលាយរបស់រដ្ឋបាលជាមួយទីក្រុងម៉ូស្គូ ស្តីពីការជួសជុលទំនាក់ទំនង។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមិនច្បាស់ថា តើសម្បទាន ឬ សកម្មភាពអ្វី ដែលវ៉ាស៊ីនតោនអាចស្វែងរកជាថ្នូរនឹងរឿងនេះទេ។ សេតវិមាន ក្រសួងការបរទេស ក្រសួងរតនាគារ និងស្ថានទូតរុស្ស៊ីក្នុងទីក្រុងវ៉ាស៊ីនតោន មិនទាន់បានធ្វើអត្ថាធិប្បាយទេ រហូតមកដល់ពេលនេះ។

ការសម្រេចចិត្តដែលបានរាយការណ៍នេះធ្វើឡើងបន្ទាប់ពីមានការចូលរួមការទូត ជាបន្តបន្ទាប់ រវាងអាមេរិកនិងរុស្ស៊ី។ កាលពីថ្ងៃទី ១២ ខែកុម្ភៈ លោក Trump និង ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើការសន្ទនាតាមទូរស័ព្ទ ដោយចាប់ផ្តើមការពិភាក្សាសំដៅដោះស្រាយជម្លោះអ៊ុយក្រែន។ ក្រោយមក កិច្ចប្រជុំកម្រិតខ្ពស់បានធ្វើឡើង នៅប្រទេសអារ៉ាប៊ី សាអូឌីត និងក្រោយមក នៅប្រទេសតួកគី រវាងមន្ត្រីអាមេរិក និងរុស្ស៊ី៕

ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner