SpaceX លុបចោលការបង្ហោះរ៉ុក្កែតដ៏មានឥទ្ធិពលលើលោក នៅនាទីចុងក្រោយ
បរទេស៖ នៅថ្ងៃអង្គារនេះ ក្រុមហ៊ុនយានអវកាស SpaceX របស់លោក Elon Musk បានលុបចោលការបាញ់សាកល្បង រ៉ុក្កែត Starship ដ៏មានឥទ្ធិពលលើពិភពលោក នៅនាទីចុងក្រោយ ឬ អំឡុងការរាប់ថយក្រោយ ប៉ុន្តែ មិនបានបញ្ជាក់អំពីមូលហេតុច្បាស់លាស់ នៅឡើយទេ។
ផ្អែកតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN ក្រុមហ៊ុន SpaceX គ្រាន់តែបានបង្ហោះ នៅលើបណ្តាញសង្គម X ថា គេកំពុងកំណត់ឱកាសល្អបំផុត ក្នុងការបាញ់បង្ហោះ ជាថ្មីម្តងទៀត។ តំណាង SpaceX លោក Dan Huot បាននិយាយថា សកម្មភាពប៉ុនប៉ងជាថ្មី ត្រូវបានគេរំពឹងថា នឹងមានរយៈពេលប្រហែល ២៤ ម៉ោងបន្ទាប់។
ដំបូងឡើយ រ៉ុក្កែតកម្ពស់១២៣ម៉ែត្រ ដែលខ្ពស់ជាងរូបសំណាកសេរីភាព ផ្ទុកយានអវកាស Behemoth គ្រោងនឹងហោះឡើង ដោយគ្មាននាវិក នៅព្រឹកថ្ងៃអង្គារនេះ ចេញពីរោងចក្រ Starbase របស់ SpaceX នៅរដ្ឋតិចសាស់ មុនពេលបរាជ័យ នៅនាទីចុងក្រោយ។
ការបាញ់បង្ហោះនេះ នឹងក្លាយជាបេសកកម្មលើគន្លងវិថី ទី៨ របស់ Starship និងជាលើកទីមួយ ចាប់តាំងពីការផ្ទុះ យានអវកាសរបស់ខ្លួន យ៉ាងសន្ធឹកសន្ធាប់ នៅកណ្តាលអាកាស ស្ថិតលើសមុទ្រការីប៊ីន ក្នុងអំឡុងពេលសាកល្បង ចុងក្រោយ។
គូរបញ្ជាក់ថា លោក Musk និងក្រុមហ៊ុន SpaceX មានចក្ខុវិស័យក្នុងការធ្វើអាណានិគម លើភពអង្គារ។ អំឡុងអាណ្តត្តិ របស់អតីតប្រធានាធិបតី Joe Biden លោក Musk បានចោទប្រកាន់ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ជាញឹកញាប់ ពីការពិនិត្យមើលច្រើនហួសហេតុ ជុំវិញបញ្ហាសុវត្ថិភាព និងបរិស្ថាន របស់ ក្រុមហ៊ុន SpaceX។ ឥឡូវនេះ ក្នុងនាមជាទីប្រឹក្សាជិតស្និទ្ធបំផុត របស់ប្រធានាធិបតី Donald Trump បុគ្គលដែលមានជាងគេបំផុតរបស់ពិភពលោក រូបនេះ ប្រឈមនឹងការចោទប្រកាន់ ពីបទប្រើប្រាស់ឥទ្ធិពល មិនសមរម្យ លើភ្នាក់ងារត្រួតពិនិត្យ ដែលត្រួតពិនិត្យក្រុមហ៊ុន របស់លោក៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត