អាមេរិកជ្រើសរើសអតីតមេកីឡាកាស WWE ជាអ្នកគ្រប់គ្រងស្ថាប័នអប់រំធំបំផុតសម្រាប់ប្រទេស
វ៉ាស៊ីនតោន ៖ អ្នកស្រី Linda McMahon ដែលជាម្ចាស់ជំនួយធំបំផុតរបស់គណបក្សសាធារណៈរដ្ឋ និងជាសហស្ថាបនិកស្ថាប័នកីឡាកាស WWE នៅថ្ងៃចន្ទ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំទី ១៣ របស់សហរដ្ឋអាមេរិក នៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី លោក ដូណាល់ ត្រាំ។

ក្នុងនាមជាមហាសេដ្ឋីនីផ្នែកជំនួញវ័យ ៧៦ឆ្នាំ និងជាសម្ព័ន្ធមិត្តដ៏យូររបស់លោក ត្រាំ អ្នកស្រី McMahon ទទួលបានតំណែងជាអ្នកគ្រប់គ្រងស្ថាប័នអប់រំធំបំផុតរបស់សហរដ្ឋអារិក បន្ទាប់ពីការបោះឆ្នោតឯកភាពពីព្រឹទ្ធសភា ដោយសំឡេង ៥១ទល់នឹង៤៥ ហើយអ្នកស្រីនឹងស្បថចូលកាន់តំណែងភ្លាមៗនៅថ្ងៃអង្គារនេះតែម្តង។
អ្នកស្រី Linda McMahon បានបង្ហោះសារនៅលើវេទិការ X ថា ខ្ញុំសូមអំណរគុណលោកប្រធានាធិបតី ត្រាំ ដែលជឿទុកចិត្តលើរូបខ្ញុំ ឲ្យចូលបម្រើក្នុងគណៈរដ្ឋមន្ត្រីរបស់គាត់ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំ។
លោកស្រីបន្ថែមថា ត្រៀមខ្លួនរួចជាស្រេច ក្នុងការដឹកនាំស្ថាប័នធំបំផុតនេះ ឲ្យមានការផ្លាស់ប្តូរ និងទទួលយកបញ្ហាប្រឈម ដើម្បីកែលម្អប្រព័ន្ធអប់រំសម្រាប់កុមារ និងនិស្សិតមហាវិទ្យាល័យ។
ការតែងតាំងអ្នកស្រី Linda McMahon កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមខែកុម្ភៈ មានបំណងបិទក្រសួងអប់រំរបស់សហរដ្ឋអាមេរិកទាំងស្រុងតែម្តង ដោយប្រើប្រាស់បទបញ្ជាប្រតិបត្តិ។
បើតាមការអះអាងរបស់លោក ត្រាំ រដ្ឋាភិបាលអាមេរិកបានចំណាយទៅលើសិស្ស ច្រើនជាងប្រទេសណាៗទាំងអស់ ប៉ុន្តែគុណភាពអប់រំស្ថិតនៅចំណាត់ថ្នាក់មិនល្អទាល់តែសោះ ហើយអ្វីដែលលោកចង់បាននោះ គឺទុកឱ្យរដ្ឋជាអ្នកទទួលបន្ទុកគ្រប់គ្រងលើសាលារៀនវិញ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ៕
ប្រភព ៖ ABC News និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា
