ក្រសួងរៀបចំដែនដី សហការជាមួយ សសយក រាជធានីភ្នំពេញ រៀបចំកម្មវិធីផ្តល់ឈាម ដើម្បីអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥
(ភ្នំពេញ)៖ ដើម្បីអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” ។ កម្មវិធីនេះ បានធ្វើឡើងពេញ ១ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលសហការរួមគ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ។
យោងតាមអ្នករៀបចំ អ្នកដែលបានចូលរួមបរិច្ចាគឈាមមានប្រមាណ ៣០០នាក់ គឺជាមន្ត្រីរាជការ នៃក្រសួងដែនដី, សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា បុគ្គលិកមកពីស្ថាប័នឯកជន និងប្រជាពលរដ្ឋទូទៅផងដែរ ។ ការរៀបចំកម្មវិធីផ្តល់ឈាម ដើម្បីអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ឆ្នាំនេះ ប្រៀបប្រដូចជាការដឹងគុណដល់ស្រ្តីជាម្តាយគ្រប់រូបទាំងអស់ នៃអ្នកបរិច្ចាគឈាម ដែលបានលះបង់ឈាមដើម្បីបង្កើតរូបកាយពួកគេមក ។
យោងតាមអ្នកជំនាញ ការបរិច្ចាគឈាម គឺមិនមានគ្រោះថ្នាក់អ្វីទាំងអស់ ហើយមនុស្សគ្រប់រូបដែលមានសុខភាពល្អ និងស្ថិតនៅចន្លោះអាយុអាចបូបឈាមចេញបាន អាចស្ម័គ្រចិត្តបរិច្ចាកឈាមបានមួយឆ្នាំ ៣ដង ចំ ពោះស្រ្តី និង៤ដង ចំពោះបុរស ដែលនឹងធ្វើឲ្យចរន្តឈាមនៅក្នុងខ្លួនមនុស្សអាចសង្គ្រោះបាន និងមានសុវត្ថិភាពបំផុត ថែមទាំងបានជួយសុខភាពខ្លួនឯងផង រួមទាំងជួយជីវិតអ្នកដទៃផង ហើយទាំងនេះ គឺជាមូលហេតុដែលនាំឲ្យគេបង្កើតជាពាក្យស្លោកមួយទៀតថា «ខ្ញុំផ្តល់ឈាមថ្ងៃនេះ សុវត្ថិភាពឈាមសម្រាប់យើងទាំងអស់គ្នា» ។
តម្រូវការឈាមសម្រាប់សង្គ្រោះជីវិតមនុស្សជាតិ ត្រូវបានមន្ត្រីជំនាញបញ្ជាក់ថា គ្រប់ប្រទេសទាំងអស់នៅជុំវិញពិភពលោក គឺមានតម្រូវការឈាម១% ធៀបនឹងចំនួនប្រជាជនសរុបនៃប្រទេសនីមួយៗ គិតជារយៈពេលមួយឆ្នាំ ក្នុងនោះកម្ពុជាក៏ត្រូវបានគេគណនាដូចគ្នាផងដែរ ។ កម្ពុជាបច្ចុប្បន្ន បើគិតពីចំនួនប្រជាជនធៀបជាមួយនឹងតម្រូវការឈាម គឺកម្ពុជាត្រូវការឈាមចំនួន ១៨ម៉ឺនកំប្លោក ក្នុងមួយឆ្នាំ ។ នៅជាមួយគ្នានោះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានផ្គត់ផ្គង់ឈាមទៅអ្នកជំងឺបានជាង ១៧ម៉ឺនកំប្លោកហើយ ក្នុង១ឆ្នាំ ដែលស្មើនឹង ៩០% នៃតម្រូវការសរុប ។ ហើយចំនួនឈាមដែលមជ្ឈមណ្ឌលជាតិទទួលបានទាំងនោះ ត្រូវបានលោកស្រីវេជ្ជបណ្ឌិត មើក សាមាន បញ្ជាក់ថា គឺទទួលបានមកពីអ្នកស្ម័គ្រចិត្តផ្តល់ឈាមចំនួន ២៣% និងទទួលពីការផ្តល់ឈាមតាមរយៈការប្តូរចំនួន ៧៧% ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ គ្រី សម្បតិ្ត














