សម្តេច ម៉ែន សំអន ស្នើឲ្យនារីគ្រប់ជាន់ថ្នាក់ប្រែក្លាយស្មារតី ៨មីនា ធ្វើជាទស្សនវិស័យសម្រាប់ការអភិវឌ្ឍ ដើម្បីទទួលបានភាពជោគជ័យ
(ភ្នំពេញ)៖ បងប្អូននារីទាំងអស់ នៃក្រសួងផែនការ នឹងយកស្មារតីថ្ងៃ៨ មីនា ធ្វើជាទស្សនវិស័យសម្រាប់ការអភិវឌ្ឍសមាគមផង អភិវឌ្ឍខ្លួនឯងផង ដើម្បីទទួលបានភាពជោគជ័យ និងអនាគតកាន់តែប្រសើរ ។
នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប និងកម្មវិធីប្រកាសគណៈកម្មការ សាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងផែនការ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។
សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសរសើរ ឯកឧត្តម ប៊ិន ត្រឈៃ ដែលបានដឹកនាំក្រសួងសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលរួមមាន ៖ ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ការរៀបចំកម្មវិធីវិនិយោគសាធារណៈ យុទ្ធសាស្ត្រជាតិកាត់បន្ថយភាពក្រីក្រ ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ការប្រមូលចងក្រងនិងវិភាគទិន្នន័យស្ថិតិសេដ្ឋកិច្ចនិងប្រជាជន ការតាមដានអត្រាកំណើនសេដ្ឋកិច្ចជាតិ និងអតិផរណា ដែលជាការងារជំនាញស្មុគស្មាញ ទាមទារសមត្ថភាពខ្ពស់ និងឆន្ទៈការងារហ្មត់ចត់ អត់ធ្មត់ និងមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ។
សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមអបអរសាទរចំពោះ លោកជំទាវ ទៀង សិតពិសី ប្រធានកិត្តិយស គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងផែនការ និងលោកជំទាវ ហង់ លីណា ប្រធានប្រតិបត្តិ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងផែនការ និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីក្រសួង ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ សូមបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដែលជាសេនាធិការឲ្យក្រសួងផែនការសម្រេចបានតាមផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹងស្ថាប័ននិងបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ៕
ដោយ ៖ ថេត វិចិត្រ+ ហេង សម្បត្តិ







